ភ្នំពេញៈ ព្រះសង្ឃព្រះនាមជីម សុភាព មានតួនាទីជាពិន័យធម៌ គង់នៅវត្តមហាមន្ត្រី បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញលុបបំបាត់នូវការជួញដូរនិងសេពគ្រឿងញៀននៅក្នុងវត្តមហាមន្ត្រី ដោយសព្វថ្ងៃនេះទីអារាមវត្ត បានក្លាយជាទីតាំងជួញដូរនិងសេពគ្រឿងញៀនទៅហើយ ដែលបានបង្កការភ័យខ្លាចដល់ព្រះសង្ឃ តាជី យាយជី និងសិស្ស និស្សិតដែលកំពុង ស្នាក់នៅវត្តនេះយ៉ាងខ្លាំង។
ការស្នើសុំរបស់ព្រះសង្ឃព្រះនាមជីម សុភាព ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ តុលានៅក្នុងវេទិកាសាធារណៈមួយនៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី មន្ទីរអាជ្ញាធរដែនដី រួមនិងប្រជាពលរដ្ឋរាប់រយនាក់។
ព្រះសង្ឃព្រះនាមជីម សុភាព បានមានសង្ឃដីកាថា នៅក្នុងវត្តមហាមន្ត្រី កន្លងមកនិងពេលបច្ចុប្បន្ននេះមានការជួញដូរនិងសេពគ្រឿងញៀនយ៉ាងអាណាធិបតេយ្យ ។ ទង្វើល្មើសច្បាប់ដោយយកទីវត្តអារាមធ្វើជាទីតាំងនេះ ត្រូវបានព្រះសង្ឃនិងគណៈកម្មាធិការវត្តប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចផងដែរ ហើយក្រុមល្មើសទាំងនោះក៏បាត់មួយរយៈទៅ ។តែមកដល់ពេលនេះ វត្តមានវត្តមានក្រុមប្រើប្រាស់និងជួញដូរគ្រឿងបានធ្វើសកម្មភាពជាថ្មី ឡើងវិញហើយ ។ចំពោះសកម្មភាពនេះសង្ឃព្រះនាមជីម សុភាព បានស្នើអាជ្ញាធររាជធានីភ្នំពេញលុបបំបាត់ឲ្យអស់ ដើម្បីបំបាត់ការភ័យខ្លាចដល់ព្រះសង្ឃ តាជី យាយជី និងសិស្ស និស្សិតដែលកំពុង ស្នាក់នៅវត្តនេះ។
ក្រៅពីការស្នើសុំនេះ ព្រះសង្ឃព្រះនាមជីម សុភាព ក៏បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ពិសេសលោកប៉ា សុជាតិវង្ស ជួយកសាងសាលាឆាន់ ដែលបានបាក់ស្រុត ខ្ទេចខ្ទីរអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្យកន្លងមកថ្មីៗនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងវេទិការសាធារណៈនេះ មានប្រជាពលរដ្ឋបានស្នើឡើងជាសំណួរ សំណូមពរផ្ទាល់មាត់ចំនួន១១នាក់ ស្មើនឹង១៩បញ្ហា និងសំណួរ សំណូមពរជាលាយលក្ខអក្សរចំនួន៣៥ សំណូមពរ ដែលសំណូមពរ ការស្នើសុំទាំងនោះ រួមការងារធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព ការប្រមូលសម្រាមមិនទាន់បានល្អនៅឡើយនិងជម្រុញឲ្យមានការជួសជុល និងកសាងហេដ្ឋារចនាសម័្ពន្ធនានានៅក្នុងមូលដ្ឋានជាដើម៕
មតិយោបល់