សារពត៌មានដ៏ល្បី Goal.com ដែលផ្សាយជាភាសាថៃបានចុះផ្សាយថា ការសម្រេចចិត្តចុងក្រោយរវាងក្លឹបនៅលីគលំដាប់ទី៣របស់ជប៉ុន Fujieda MYFC និងខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដើម្បីផ្ទេរម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជារដូវកាល២០១៥រូបនេះទៅលេងនៅជប៉ុន នឹងប្រកាសនាសប្តាហ៍ក្រោយ។
សារពត៌មានដែលមានភ្នាក់ងារជាង៥០ប្រទេសមួយនេះលើកឡើងថា ក្លឹបនៅជប៉ុនបានព្រមព្រៀងលក្ខខណ្ឌរួចហើយ នៅតែសាម៉ីខ្លួនយល់ព្រម។ ហើយបើពិតជាកើតឡើងមែន វឌ្ឍនាកា នឹងហោះទៅកាន់ដែនដីសាំម៉ូរ៉ៃដើម្បីហ្វឹកហាត់ ត្រៀមបង្ហាញខ្លួននារដូវកាល២០១៧ខាងមុខ។
យ៉ាងណាក្តី សារពត៌មានដដែលបន្ថែមថា នៅមិនទាន់មានចម្លើយឬសញ្ញាណវិជ្ជមានណាមួយឡើយ ត្បិតសាម៉ីខ្លួនកំពុងជាប់ភារកិច្ចជាមួយជម្រើសជាតិ។
វឌ្ឍនាកា បានទៅហ្វឹកហាត់ជាមួយក្លឹប Fujieda MYFC បានមួយសប្តាហ៍រួចទៅហើយ មុនត្រឡប់មកជួយកម្ពុជានៅ Suzuki Cup វិញ។ កាលពីជំនួបបើកឆាកគេបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស៊ុតឲ្យជម្រើសជាតិបាន២គ្រាប់ ក្នុងជំនួបចាញ់ម៉ាឡេស៊ី ៣ – ២ ។
ប្រភព៖Goal Thailand
មតិយោបល់