សេអ៊ូលៈ គ្រួសារចំនួន ១២.០០០គ្រួសារ បានផ្លាស់ចូលទៅនៅផ្ទះថ្មីដែលទើបនឹងសាងសង់រួច ស្ថិតនៅភាគខាងជើង ខេត្ត Hamgyong ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង ខណៈដែលសារព័ត៌មាននេះបានអួតពីការយកចិត្តទុកដាក់យ៉ាងកក់ក្តីចំពោះប្រជាជន ពីសំណាក់មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ផ្ទះយ៉ាងហោចណាស់ ១១.៩០០ខ្នង ដែលនៅភាគខាងជើងប្រទេសកូរ៉េខាងជើង បានទទួលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ ហើយនៅពេលនេះ ត្រូវបានសាងសង់រួចជាស្ថាបពរក្នុងរយៈពេល ០២ខែ។ នេះបើតាមការរបស់ KCNA ដែលជាសារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើងបានផ្សាយ។
សូមជម្រាបផងដែរថា ព្យុះទីហ្វុង Lionrock បានកម្ទេចខេត្តរបស់កូរ៉េខាងជើងកាលពីដើមខែកញ្ញា ហើយបើតាមសារព័ត៌មានកូរ៉េខាងជើងកាលពីមុននេះ គឺបានផ្សាយថា ប្រជាជនជិត ៧០.០០០នាក់ គ្មានផ្ទះសម្បែង ជាងនេះទៅទៀត ប្រជាជនចំនួន ១៣០នាក់ បានស្លាប់ និងប្រមាណ ៤០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មាននេះ៕
មតិយោបល់