លោក Kiatisuk Senamuang ធ្លាប់ស៊ុត២គ្រាប់ឲ្យក្រុមជម្រើសជាតិថៃពេលនៅជាកីឡាករ ក្នុងជំនួបស្មើសិង្ហបុរី ២ – ២ កាលវគ្គជម្រុះ Asean Cup ឆ្នាំ១៩៩៦ ដែលកាលនោះ គ្រូសិង្ហបុរីបច្ចុប្បន្ន V.Sundramoorthy ក៏លេងក្នុងការប្រកួតនេះដែរ។ ក្រោយមកអតីតកីឡាករទាំង២ ក៏បានវិវត្តិខ្លួនក្លាយជាគ្រូបង្វឹកដូចគ្នា។
ជំនួបក្នុងពូល A ប្រចាំពានរង្វាន់ AFF SUZUKI CUP ម៉ោង ៣:៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន Philipine Sport នាទឹកដីហ្វ៊ីលីពីន អតីតកីឡាករជម្រើសជាតិទាំង២នឹងប៉ះគ្នាម្តងទៀតក្នុងនាមជាគ្រូបង្វឹក។ តើលោក Kiatisuk Senamuang អាចបន្តភាពមិនដែលចាញ់របស់ថៃបានទេ?
សម្តីមុនការប្រកួត៖
- លោក Kiatisuk Senamuang ៖ ខ្ញុំពិតជាត្រេកអរមែនទែន ដែលបានជួប Sundram ម្តងទៀតក្នុងនាមជាគ្រូបង្វឹក ក្រោយយើងបានលេងជាមួយគ្នាកាលពីទស្សវត្តឆ្នាំ៩០។ វានឹងក្លាយជាប្រកួតដ៏តានតឹងមួយត្បិតសិង្ហបុរីមានតែ១ពិន្ទុក្នុងដៃ។ ដូច្នេះពួកគេត្រូវតែខំដើម្បីរកពិន្ទុបន្ថែម។
- លោក Sundramoorthy ៖ Kiatisukជាគ្រូបង្វឹកដ៏ល្អម្នាក់។ គាត់តែងតែមានខចក្ខុវិស័យនាំក្រុមគាត់ទៅរកលទ្ធផលដ៏ប្រសើរមួយ។ ពិតណាស់ យើងលេងជាមួយក្រុមជើងឯកដូច្នេះយើងត្រូវយកចិត្តទុកដាក់បំផុត ដើម្បីកុំឲ្យពួកគេដាក់សម្ពាធបាន។
ប្រវត្តិជួបគ្នា៖
- ថៃធ្លាប់ប៉ះសិង្ហបុរី ៦០ដង ក្នុងនោះឈ្នះ៣១ ស្មើ១៧ ចាញ់១២ ។ ដោយឡែកជួបគ្នា៥ប្រកួតចុងក្រោយ ថៃឈ្នះ៣ ចាញ់១ ស្មើ១។
មតិយោបល់