Post News Media ព័ត៌មានកីឡា អង់គ្លេសបានត្...

អង់គ្លេសបានត្រឹមស្មើ ខណ:បារាំង និងអាមេរិក បានយកឈ្នះគូប្រគួតរៀងៗខ្លួន

ក្រុមបាល់ទាត់ស្ត្រីជម្រើសជាតិអង់គ្លេស ហាក់មិនសប្បាយចិត្តឡើយ នៅក្នុងការប្រកួតស្មើ ជាមួយនឹងក្រុមអ៊ីតាលី កាលពីយប់មិញ នៅក្នុងការប្រកួតលក្ខណ:មិត្តភាព ក្នុងទឹកដីរបស់ពួកគេ ស្របពេលដែលក្រុមជើងខ្លាំងពីរទៀត បានយកឈ្នះការប្រកួតបានយ៉ាងល្អ។

អតីតក្រុមចំណាត់ថ្នាក់ទីបី នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Woman 2015 អង់គ្លេសហាក់ដូចជាលេងមិនសូវ បានល្អឡើយ សម្រាប់ការប្រកួតមិត្តភាពកាលពីយប់មិញ ជាមួយនឹងក្រុមជើងខ្លាំងអ៊ីតាលី ក្នុងលទ្ធផល ១-១។ អង់គ្លេស មិនសប្បាយចិត្តឡើយ ព្រោះថាពួកគេលេងបានយ៉ាងល្អ ហើយបានរកគ្រាប់បាល់នាំមុខនៅនាទីទី ៧០ ដោយកីឡាការនី Taylor តែការនាំមុខនេះ មិនបានយូរឡើយ ត្រូវបានក្រុមអ៊ីតាលី តាមបានស្មើវិញ នៅបីនាទីបន្ទាប់ គឺនៅនាទីទី ៧៣ ដោយកីឡាការនី Cernola ។

អង់គ្លេសបានគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ចាប់តាំងពីការប្រកួតដំបូងមក តែពួកគេបានត្រឹមតែវាយលុក ដោយមិនអាចធ្វើអ្វីក្រុមអ៊ីតាលីបានឡើយ ព្រោះថាអ៊ីតាលីមានប្រព័ន្ធខ្សែការពារយ៉ាងរឹងមាំ។ ចំនែកឯក្រុមជើងឯក World Cup 2015 អាមេរិកវិញ បានយកឈ្នះក្រុមរុស្ស៊ី ក្នុងលទ្ធផល ៤-០ យ៉ាងងាយស្រួល ស្របពេលដែក្រុមបារាំង បានយកឈ្នះក្រៅដីលើក្រុម ហូរឡង់ក្នុងលទ្ធផល ២-១ ផងដែរ។ អង់គ្លេស នឹងត្រូវត្រៀមយុទ្ធនាការរបស់ពួកគេ សម្រាប់ការប្រកួតជម្រុះ ពានរង្វាន់ World Cup 2019 បន្តទៀតនាពេលខាងមុខនេះ៕