Wednesday, ទី9 April, ឆ្នាំ2014 08:16 am
សៀមរាប៖ក្រុមអាជីវករលក់ដូរនៅមុខផ្សារលើធំថ្មីបានស្រែកយំខឹងសម្បាយ៉ាងខ្លាំងចំពោះក្រុមរៀបចំសណ្ដាប់ធ្នាប់នគរបាលក្រុងសៀមរាបដែលបានធ្វើបាបពួកគាត់ស្រេចតែអំពើចិត្តគ្មានក្ដីមេត្តាចំពោះខ្មែរនិងខ្មែរ។
ជាក់ស្ដែងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០១៤នៅចំណុចមុខផ្សារលើធំថ្មីតែម្ដងមានក្រុមនគរបាលក្រុងសៀមរាបដែលដឹកនាំដោយអធិការរងនគបាលលោកលឹមប៊ុនថេងបានចុះរៀបចំសណ្ដាប់ធ្នាប់ទៅលើក្រុមអាជីវករលក់ដូរដោយបានដកយកនូវឆ័ត្ររបស់អាជីវករធ្វើឲ្យក្រុមអាជីវករមានការខឹងសម្បាស្រែកផ្អើលពេញមុខផ្សារ។
ក្រុមអាជីវករបាននិយាយថាពួកគាត់មកលក់នេះមិនបានបង់លុយឲ្យថ្លៃកន្លែងទេតែបានបង់ឲ្យថ្លៃភាស៊ីក្នុង១ថ្ងៃ១៥០០រៀលថ្លៃអនាម័យ៥០០រៀលជារៀងរាល់ថ្ងៃមិនដែលរំលងនោះទេ។
ក្រុមអាជីវករបន្ថែមថាក្រុមមន្ត្រីប៉ូលិសសណ្ដាប់ធ្នាប់បានតម្រូវឲ្យពួកគាត់លក់ដូរមានគន្លាតចេញពីផ្លូវចំងាយ៣ម៉ែត្រដើម្បីរក្សាផ្លូវឲ្យមានទ្រង់ទ្រាយធំស្រួលដល់ការធ្វើដំណើររបស់បងប្អូនចេញចូលទៅក្នុងផ្សារ។ហើយពួកគាត់ក៍បានលក់ដូរទៅតាមការណែនាំរបស់ក្រុមមន្ត្រីនគរបាលក្រុងសៀមរាបជាប្រចាំផងដែរ។
អាជីវករបន្ថែមទៀតថាពេលដែលពួកគាត់កំពុងតែលក់ដូរសុខៗស្រាប់តែមានរថយន្ត១គ្រឿងរបស់អធិការក្រុងសៀមរាបផ្នែកអន្តរាគមន៍ដែលមានមន្ត្រីប៉ូលិសជាច្រើននាក់នាំគ្នារចុះមកលើកឆ័ត្ររបស់ពួកគាត់យកទៅដាក់លើរថយន្តថែមទាំងទាត់ធាក់នូវនំប៉័ងរបស់ពួកគាត់យ៉ាងព្រៃផ្សៃទៀតផង។
អាជីវករបន្តថាក្រុមប៉ូលិសដែលមានលោកលឹមប៊ុនថេងបាននិយាយពាក្សអសិរោះយ៉ាងកំរោលមិនសក័ក្កសមជាមន្ត្រីប៉ូលិសសម័យតេជោនោះទេហើយមន្ត្រីប៉ូលិសទាំងនោះនិយាយថាពួកគាត់លក់ដូរចូលចំណីរផ្លូវទើបគេរើឆ័ត្រដាក់ឡានយ៉ាងដូច្នេះ។
ក្រុមអាជីវករទាំងនោះបានស្រែកយំលើកដៃសំពះសូមឲ្យសម្ដេចតេជោជួយដល់ពួកគាត់ផងរឿងនេះអយុត្តិធម៌ណាស់ប៉ូលិសចោទថាលក់ដូរបាំងក្បាលតោមុខផ្សារចុះអ្នកលក់ដូរនៅខាងលើដាក់សំយាបបាំងក្បាលតោហេតុអ្វីប៉ូលិសមើលមិនឃើញវាអយុត្តធម៌ណាស់សំរាប់ពួកគាត់។
លោកលឹមប៊ុនថេងបាននិយាយតាមទូរស័ព្ទថាគាត់រវល់ជាមួយជាងហើយក៍បិទទូរស័ព្ទដោយមិនបានធ្វើការបកស្រាយបំភ្លឺឲ្យបានពិស្ដាពាក់ព័ន្ទរឿងនេះទេ។
គួបញ្ជាក់ថាជារឿយៗគេតែងតែសង្កេតឃើញក្រុមប៉ូលិសសណ្ដាប់ក្រុងសៀមរាបដែលដឹកនាំដោយលោកលឹមប៊ុនថេងចុះរៀបចំសណ្ដាប់នៅក្នុងក្រុងជាហូហែរតែការរៀបចំនោះហាក់បីមិនស្មើភាពគ្នារនោះឡើយ៕