ព័ត៌មានបច្ចេកវិទ្យា

Bluetooth 5.0 លឿនជាងមុន ទ្វេដង និងឆ្ងាយជាងមុន ៤ ដង

ក្រុមអភិវឌ្ឍបច្ចេកវិជ្ជា Bluetooth បានប្រកាសឱ្យដឹងពីសមត្ថភាពចុងក្រោយនៃបច្ចេកវិជ្ជា Bluetooth ជំនាន់ទី ៥ និងថា វាអាចយកទៅប្រើប្រាស់ជាមួយឧបករណ៍បច្ចេកវិជ្ជាផ្សេងៗ នៅជុំវិញពិភពលោកបានហើយ។

យោងតាមក្រុម Special Interest Group (SIG) បានឱ្យដឹងថា Bluetooth 5 មានកម្រិតល្បឿនលឿនជាង Bluetooth 4.2 ពីរដង (ល្បឿនអតិបរមារបស់វាត្រូវបានបង្កើនពី 1Mpps ដល់ 2Mbps) អាចបញ្ចូនទិន្នន័យ បានឆ្ងាយជាងជំនាន់បច្ចុប្បន្នដល់ទៅ ៤ ដង និងមានសមត្ថភាព អាចបញ្ជូនរលកសញ្ញា ក្នុងកម្រិតថាមពលទាប ជាងជំនាន់ 4.2 ដល់ទៅ ៨ ដង។

ការអភិវឌ្ឍសមត្ថភាពនៃបច្ចេកវិជ្ជា Bluetooth នេះ គឺធ្វើឡើងក្នុងគោលបំណងប្រើប្រាស់វា សម្រាប់ដំណើរការ និងបំពាក់លើឧបករណ៍ប្រើប្រាស់បណ្តាញអីុធើណែត (IoT) ផ្សេងៗ ដែលកំពុងបង្ហាញវត្តមានកាន់តែច្រើនឡើងៗ និងកាន់តែសម្បូរបែបនៅលើទីផ្សារ ហើយវាត្រូវបានរំពឹងថា នឹងលេចរូបរាងនៅលើឧបករណ៍ចល័ត ដូចជាស្មាតហ្វូន ចាប់ផ្តើមពីឆ្នាំ ២០១៧៕
ប្រភពព័ត៌មាន៖ bluetooth

មតិយោបល់