ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន HP ប្រកាសប្រមូលថ្មកុំព្យូទ័រយួរដៃ ១០១,០០០ មកវិញ ដោយខ្លាចវាផ្ទុះឆេះ

ក្រុមហ៊ុន HP កំពុងស្នើឱ្យអតិថិជនកុំព្យូទ័រយួរដៃម៉ូដែលផ្សេងៗសរុបចំនួន ១០១,០០០ គ្រឿងឱ្យផ្ញើថ្មរបស់វាមកក្រុមហ៊ុនវិញ បន្ទាប់ពីគេរកឃើញថា ថ្មកុំព្យូទ័រទាំងនោះមានបញ្ហាអាចងាយបង្កការឆាបឆេះបាន។ នេះបានយោងតាមការប្រកាសឱ្យដឹងពីគណៈកម្មការសុវត្ថិភាពផលិតផលសម្រេចរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CPSC ក្នុងសេចក្តីជូនដំណឹងមួយ។

កុំព្យូទ័រយួរដៃដែលមានបញ្ហាថ្មទាំងនោះ រួមមានម៉ូដែល HP, Compaq, HP ProBook, HP ENVY, Compaq Presario, និង HP Pavilion ដែលអ្នកប្រើប្រាស់បានជាវក្នុងអំឡុងខែមិនា ឆ្នាំ ២០១៣ ដល់ខែតុលា ឆ្នាំ ២០១៦។

តាមការគូសបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ ចំពោះម្ចាស់កុំព្យូទ័រម៉ូដែលខាងលើ សូមពិនិត្យលេខកូដកូដថ្មកុំព្យូទ័ររបស់ខ្លួន ហើយបើវាមានលេខចាប់ផ្តើមពី 6BZLU, 6CGFK, 6CGFQ, 6CZMB, 6DEMA, 6DEMH, 6DGAL or 6EBVA គួរតែដកវាចេញពីកុំព្យូទ័រ ហើយទាក់ទងមកកាន់ក្រុមហ៊ុន HP ដើម្បីធ្វើការដោះដូរថ្មថ្មីជូនដោយឥតគិតថ្លៃ។

យោងតាមសេចក្តីជូនដំណឹងដដែលពី CPSC ក្រុមហ៊ុន HP បានទទួលរបាយការណ៍មួយដែលលើកឡើងអំពីការកើនឡើងនៃកម្តៅថ្មរហូតដល់រលាយជ័ររបស់វា និងបានបង្កការខូចខាតទ្រព្យសម្បត្តិតម្លៃ ១,០០០ ដុល្លារ។

គួរបញ្ចាក់ថា នេះមិនមែនជាលើកទីមួយទេ ពោលគឺ កាលពីខែមិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុនអេឡិចត្រូនិចមួយនេះ ក៏បានអំពាវនាវប្រមូលថ្មពីកុំព្យូទ័រយួរដៃចំនួន ៤១,០០០ គ្រឿង មកវិញផងដែរ ដោយ សារ បញ្ហាស្រដៀងគ្នានេះ៕

ប្រភពព័ត៌មាន៖ engadget

 

មតិយោបល់