Toyota Prius ដែលជាប្រភេទរថយន្ត Hybrid ដ៏ពេញនិយម ជាពិសេសសម្រាប់អ្នកដែលមិនចង់ខ្ជះខ្ជាយថវិកាច្រើនទៅលើប្រេងសាំងនោះ ត្រូវបានកែលំអររចនាបថយ៉ាងច្រើន បើធៀបជាមួយស៊េរីមុនៗរបស់វា ព្រមជាមួយការបំពាក់បច្ចេកវិជ្ជាបើកបរកាន់តែទំនើប និងប្រកបដោយភាពច្នៃបង្កើតថ្មី។
ចង្កៀងមុខ និងស្តុបក្រោយ ត្រូវបានរចនាឡើងយ៉ាងប្រណិត ទំនើប និងទាន់សម័យ ជាមួយការបំពាក់អំពូល LED អាចបញ្ចេញពន្លឺពណ៌យ៉ាងស្រស់ស្អាត គួរឱ្យទាក់ទាញ មិនចាញ់រថយន្តប្រភេទប្រណិតៗប៉ុន្មានឡើយ។
នៅផ្ទៃខាងក្នុង ត្រូវបានបំពាក់កៅអីមានជម្រៅអង្គុយធំទូលាយ កាន់តែផ្តល់នូវផាសុកភាព និងមានបំពាក់អេក្រង់ព័ត៌មាន-កម្សាន្តខ្នាត HD ទំហំ ១១.៦ អ៊ីញ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចពង្រីក/បង្រួម ប៉ះបញ្ជា និងប្រើម្រាមដៃអូសចុះឡើងបានយ៉ាងងាយស្រួល។
ដោយឡែក ម៉ាស៊ីន Hybrid របស់វា ត្រូវបានកែលំអរឱ្យស៊ីថាមពលកាន់តែតិច តែផ្តល់ប្រសិទ្ធភាពកាន់តែខ្លាំង តាមរយៈប្រព័ន្ធបើកបរដោយប្រើម៉ូទ័រភ្លោះដំបូងបង្អស់របស់ក្រុមហ៊ុន Toyota ជាមួយម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ១,៨ លីត្រ អាចផ្តល់កម្លាំងថាមពល ៩៥ សេះ។ Toyota Prius 2017 អាចសាកបញ្ចូលថាមពលអគ្គីសនីផង និងអាចចាក់ប្រេងសាំងផង ហើយវាត្រូវបានដាក់លក់លើគេហទំព័រ toyota ក្នុងតម្លៃចាប់ពី ២៧,១០០ ដុល្លារ (មិនទាន់គិតពន្ធនាំចូល)៕
ប្រភពព័ត៌មាន៖ toyota
មតិយោបល់