Range Rover Evoque ស៊េរីឆ្នាំ ២០១៧ គឺជាប្រភេទរថយន្តដ៏ប្រណិត និងពេញនិយមបំផុតមួយរបស់ក្រុមហ៊ុន Jaguar Land Rover។ បើពិនិត្យមើលរូបរាងខាងក្រៅ លោកអ្នកពិតជាពិបាកនឹងកត់សម្គាល់ដឹងថា ជាស៊េរីថ្មីឆ្នាំ ២០១៧ ណាស់ ពិព្រោះ ពីមួយស៊េរីទៅមួយស៊េរី វាអាចនឹងមានការកែលំអរស្ទើរតែគ្រប់ផ្នែក គឺចាប់ពីចង្កៀងមុខថ្មី កាងមុខ/ក្រោយ ពណ៌ និងប្រព័ន្ធព័ត៌មាន-កម្សាន្តជាដើម។ល។ ចំពោះរថយន្តប្រភេទទ្វារ ៥ ស៊េរីថ្មីនេះ ត្រូវបានបំពាក់ប្រព័ន្ធព័ត៌មាន-កម្សាន្ត InControl Touch Pro ជំនាន់ចុងក្រោយ ដែលអាចផ្តល់នូវការតភ្ជាប់ និងការកម្សាន្តកាន់តែអស្ចារ្យនៅលើអេក្រង់ប្រភេទប៉ះបញ្ជាទំហំ ១០ អ៊ីញ។
តាមរយៈប្រព័ន្ធនេះ វាអាចស្វែងរកប្រឡោះចូលចតដោយស្វ័យប្រវត្តិ និងអាចបញ្ចូនព័ត៌មានស្តីពីស្ថានភាពផ្សេងៗរបស់រថយន្ត ដូចជា ទ្វារ ចំណុះសាំង និងតម្រាយផ្លូវរត់ជាដើម ទៅកាន់ស្មាតហ្វូនបានថែមទៀតផង។ ផ្ទៃខាងក្នុង ត្រូវបានរចនាស្រោបដោយអាលុយមីញ៉ូម ឈើ និងស្បែកយ៉ាងប្រណិត និងមានទំហំធំទូលាយ ហើយកៅអីអង្គុយមានបំពាក់ប្រព័ន្ធខ្យល់ត្រជាក់-ក្តៅ ជួយឱ្យការធ្វើដំណើរ និងបើកបរកាន់តែមានផាសុកភាព។
Range Rover Evoque 2017 បំពាក់ម៉ាស៊ីន Turbo ទម្ងន់ស្រាល ផលិតពីអាលុយមីញ៉ូម មានស៊ីឡាំង ៤ ចំណុះ ២ លីត្រ អាចផ្តល់កម្លាំងថាមពល ១៧៨ សេះ និងអាចបង្កើនល្បឿនពី 0 ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹមតែ ៩ វិនាទីប៉ុណ្ណោះ។
Range Rover Evoque ស៊េរីឆ្នាំ ២០១៧ ត្រូវបានដាក់លក់លើគេហទំព័រ landroverusa ក្នុងតម្លៃចាប់ពី ៤១,៨០០ ដុល្លារ (មិនទាន់បូកពន្ធនាំចូល) ឡើងទៅ ដោយវាមានច្រើនម៉ូដែលសម្រាប់ជ្រើសរើស ក្នុងនោះ វាមានទាំងម៉ូដែលកៅអី ៥ កៅអី ៤ និងកៅអី ៤ បើកដំបូលផងដែរ៕
មតិយោបល់