iOS 10 គឺជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីបំផុតរបស់ iPhone ក៏ដូចជា iPad ដែលប្រជុំទៅដោយមុខងារច្រើនយ៉ាង និងសម្បូរបែប។ ប៉ុន្តែ ទន្ទឹមនឹងនោះ មុខងារមួយចំនួនក៏ផ្តល់ផលវិបាកដល់ថ្មទូរស័ព្ទផងដែរ ដូចជា Wi-Fi, Location Services និងមុខងារដំណើរការស្វ័យប្រវត្តិមួយចំនួន ជាដើម។ ដូច្នេះ ដើម្បីឱ្យលោកអ្នកអាចរីករាយក្នុងការប្រើប្រាស់ iPhone បានយូរបំផុតនោះ Post Tech សូមលើកយកនូវវិធីសាស្រ្តងាយៗមួយចំនួន ដែលអាចជួយសន្សំសំចៃថ្មទូរស័ព្ទរបស់អ្នកឱ្យរក្សាថាមពលបានយូរបំផុត មកបង្ហាញជូនដូចតទៅ៖
– បិទ Wi-Fi Assist ដោយចូលទៅកាន់កម្មវិធី Settings -> Cellula -> រួចចុចបិទមុខងារ Wi-Fi Assist។
– កាត់បន្ថយ Screen Time ដោយចូលទៅកាន់កម្មវិធី Settings -> Battery -> រង់ចាំព័ត៌មាននៃការប្រើប្រាស់ថ្មបង្ហាញឡើង -> ប៉ះលើរូបម៉ោងនៅខាងស្តាំ Battery Usage។
– បិទ Wi-Fi/ 3G/ 4G ចោលពេលមិនត្រូវការប្រើអិុនធើណែត ដោយចូលទៅកាន់ Settings -> Cellula -> ចុចលើ Cellula Data ដើម្បីបិទដំណើរការរបស់វា។
– បិទមុខងារចាប់ប្រព័ន្ធ GPS (Location Services) ក្នុងកម្មវិធីណាដែលមិនចាំបាច់ប្រើវា ដោយចូលទៅកាន់ Settings -> Privacy -> Location Services -> រើសយកឈ្មោះកម្មវិធីណាមួយ -> ប្តូរពី ‘Always’ មក ‘Never’ ឬ ‘While Using the App’។
– កាត់បន្ថយដំណើរការរបស់ Background App Refresh ដោយចូលទៅកាន់ Settings -> Display & Brightness -> ចុចបិទមុខងារ Auto-Brightness។
– បិទ/បើកម៉ាស៊ីនទូរស័ព្ទ ដើម្បីផ្តាច់ដំណើរការកម្មវិធីក្នុង RAM ចោលទាំងអស់។ លោកអ្នកគ្រាន់តែចុចជាប់លើប៊ូតុង Home/Power (សម្រាប់ iPhone ស៊េរី 6/ 6 Plus ចុះ) ឬចុចជាប់លើប៊ូតុងបន្ថយសំឡេង និង Power (សម្រាប់ iPhone 7/ 7 Plus) ជាប់រហូតដល់ទូរស័ព្ទរលត់ និងលោតចេញរូបឡូហ្គូផ្លែប៉ោម។
– បិទមុខងារស្វែងរកសារថ្មីៗដោយស្វ័យប្រវតិ្តចោល ដោយចូលទៅកាន់ Settings -> Mail -> Accounts -> Fetch New Data -> ចុចបិទមុខងារ Push -> នៅពីក្រោម Fetch ជ្រើសយក Manually។
មតិយោបល់