ព័ត៌មានបច្ចេកវិទ្យា

Facebook កំពុងសាកល្បងមុខងារថ្មីមួយ ដែលមានតែនៅលើ iPhone X សម្រាប់ការចុះឈ្មោះចូលគណនី

លក្ខណៈសម្បត្តិដ៏គួរឱ្យទាក់ទាញបំផុតមួយរបស់ iPhone X គឺមុខងារ Face ID ដែលប្រើផ្ទៃមុខមនុស្សធ្វើជាកូនសោសម្រាប់ចាក់ចូលទៅកាន់កម្មវិធីខាងក្នុងទូរសព្ទ។ ឥឡូវនេះ ក្រុមហ៊ុន Facebook ត្រូវគេរាយការណ៍ថា ក៏កំពុងត្រៀម​ខ្លួនដាក់បញ្ចូលមុខងារស្រដៀងគ្នានេះទៅក្នុងកម្មវិធីបណ្តាញសង្គមរបស់ខ្លួនផងដែរ។

យោងតាមលោក​ Matt Navarra នាយកដឹកនាំបណ្តាញសង្គមនៃគេហទំព័រ The Next Web បានឱ្យដឹងថា ក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក កំពុងធ្វើតេស្តមុខងារសម្រាប់បន្ថែមទៅក្នុងកម្មវិធីបណ្តាញសង្គមថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាងពីរពាន់លាននាក់របស់ខ្លួនអាចចុះឈ្មោះចូលទៅកាន់គណនី Facebook របស់ពួកគេបាន តាមរយៈការថតសម្គាល់ផ្ទៃមុខបាន។

ក្រុមហ៊ុនក៏បានថ្លែងប្រាប់ទៅគេហទំព័របច្ចេកវិទ្យា TechCrouch ថា ខ្លួនពិតជាកំពុងសាកល្បងលើមុខងារថ្មីនេះមែន ហើយវាធ្វើឡើងសម្រាប់បង្កើនសុវត្ថិភាពគណនី Facebook របស់អ្នកប្រើប្រាស់ និងជួយសម្រួលឱ្យពួកគេអាចចុះឈ្មោះ ឬផ្ទៀងផ្ទាត់ភាពជាកម្មសិទ្ធិនៃគណនីផ្ទាល់ខ្លួនបានកាន់តែឆាប់រហ័ស និងងាយស្រួល។ ក្រុមហ៊ុនបានគូសបញ្ជាក់ថា បច្ចុប្បន្ន មុខងារនេះកំពុងបើកដំណើរការរួចទៅហើយនៅលើគណនីអ្នកប្រើប្រាស់មួយចំនួន។

គួរបញ្ជាក់ថា តាមទម្លាប់មុននឹង Facebook ដាក់ចេញនូវមុខងារថ្មីៗអ្វីមួយ ក្រុមហ៊ុនតែងតែបើកសាកល្បងសម្រាប់អ្នកប្រើប្រាស់មួយចំនួនជាមុនសិន បន្ទាប់មក នៅពេលដែលមើលឃើញថា វាដំណើរការល្អគ្រប់គ្រាន់ហើយនោះ គេនឹងបើកឱ្យប្រើប្រាស់ជាសកលតែម្តង៕

ប្រភពព័ត៌មានៈ engadget

មតិយោបល់