ព័ត៌មានបច្ចេកវិទ្យា

iPhone 7 បានជួយជីវិតអ្នកនេសាទ ខណៈទូកបម្រុងលិចក្នុងសមុទ្រ

ស្របពេលដែលអ្នកប្រើប្រាស់ផលិតផល iPhone មួយចំនួនធំ មិនសូវជាចូលចិត្តប្រើប្រាស់កម្មវិធី Siri ដែលជាមុខងារបញ្ជាតាមរយៈសម្លេង ឥឡូវនេះ វាបានក្លាយជាវិរៈជនមួយរូប ជួយជីវិតអ្នកនេសាទមួយក្រុម ក្នុងរដ្ឋ Florida។

កាលពីព្រឹក​ ថ្ងៃសៅរ៍ ខណៈកំពុងនេសាទក្នុងរយៈចម្ងាយ ៦ គីឡូម៉ែត្រចេញពីឆ្នេរសមុទ្រនៃទីក្រុង Key Biscayne ក្នុងរដ្ឋ Florida មានអ្នកនេសាទមួយក្រុម មានគ្នាចំនួន ៣ នាក់ បានជួបប្រទះនឹងរលកសមុទ្របក់បោកខ្លាំង។ នៅពេលនោះ ទូករបស់ពួកគេបានចាប់ផ្តើមជន់លិចទឹក ហើយម្នាក់ៗបានប្រញាប់ពាក់អាវពោងសុវត្ថិភាព និងព្យាយាមហៅទូរស័ព្ទទៅកាន់លេខ 911 (សម្រាប់គ្រាមានអាសន្ន) មុនពេលទូកមិនទាន់លិច។ ដោយសារតែភាពត្រជាក់ និងរលកសមុទ្របក់បោកខ្លាំង បណ្តាលឲ្យដៃជើងទទឹក និងសើម មិនអាចបញ្ជាទូរស័ព្ទដោយការចុចប៉ះលើអេក្រង់បាន ស្រាប់តែមានបុរសម្នាក់ក្នុងចំណោមពួកគេបានប្រើប្រាស់មុខងារ Siri បញ្ជាដោយសម្លេងដើម្បីឲ្យ iPhone ហៅទូរស័ព្ទទៅកាន់លេខ 911។

យោងតាមការបញ្ជាក់ប្រាប់ពីកម្លាំងសមត្ថកិច្ច លោក Sgt. Jame Barrett ទៅកាន់សារព័ត៌មាន Fox 4 ថា “អ្នកនេសាទទាំង ៣ នាក់នោះ បានប្រើប្រាស់នូវ iPhone 7 ដែលមានប្រព័ន្ធការពារទឹកជ្រាបមកស្រាប់។ ទោះជាយ៉ាងណា ពួកគេមិនអាចចុចប៉ះបញ្ជាលើអេក្រង់ដោយដៃបានឡើយ ប៉ុន្តែមានបុរសម្នាក់ បានប្រើមុខងារ Siri ហៅទូរស័ព្ទមកកាន់ 911” ។

ក្រោយការទំនាក់ទំនងទៅកាន់លេខ 911 ភ្លាមរួច ឆ្មាំសមុទ្រម្នាក់បានចេញទៅស្វែងរកពួកគេឃើញ ហើយរង់ចាំនៅទីនោះរហូតដល់សមត្ថកិច្ចប្រចាំតំបន់ Miami-Dade មកសង្គ្រោះក្រុមអ្នកនេសាទចេញពីកន្លែងកើតហេតុបានដោយសុវត្ថិភាព៕

 

ប្រភព៖ mashable.com

មតិយោបល់