ព័ត៌មានបច្ចេកវិទ្យា

នរណាខ្លះនៅចាំ Nokia 3310? វានឹងបង្ហាញមុខសារជាថ្មីនៅ MWC ខែនេះហើយ!

Nokia 3310 ដែលជាទូរសព្ទដៃដ៏ពេញចិត្តបំផុតមួយក្នុងប្រវត្តិសាស្រ្តទូរសព្ទចល័ត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០០០ នឹងលេចវត្តមានសារជាថ្មីនៅឯសមាជទូរសព្ទចល័តពិភពលោក MWC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ កុម្ភ: នាទីក្រុង Bacelona ខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីអ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញម្នាក់ឈ្មោះ Evan Blass។

យោងតាមលោក Blass ទូរសព្ទ Nokia ដ៏ចំណាស់នេះ នឹងដាក់លក់សម្រាប់អ្នកដែលនៅចងចាំអំពីកិត្យានុភាពរបស់វា ក្នុងតម្លៃប្រមាណ ៦២ ដុល្លារ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនចែកចាយបន្តឈ្មោះ VentureBeat បានឱ្យដឹងបន្ថែមថា វានឹងផលិតចេញជាម៉ូឌែលទំនើប ហើយនឹងបង្ហាញវត្តមានជាមួយទូរសព្ទ Nokia 3, 5, និង 6 ដើរដោយប្រព័ន្ធ Android 7.0 ដែលមានតម្លៃចាប់ពី ១៦០ ទៅ ២៦០ ដុល្លារ ក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន HMD Global។

តាមពិតទៅ ទូរសព្ទ Nokia 3310 ដែលផលិតចេញក្នុងឆ្នាំ ២០០០ និងដែលត្រូវបានគេទទួលស្គាល់ និងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះភាពរឹងមាំ ថាមពលថ្មកាន់បានយូរ និងមានសេវាល្អរបស់វានោះ នៅតែបន្តមានដាក់លក់ក្នុងនៅលើផ្សារអនឡាញ Amazon នៅឡើយ ទោះបីជាវាបាត់មុខពីទីផ្សារខាងក្រៅក៏ដោយ។

គួររំឭកថា Nokia 3310 កាលពីជាង ១០ ឆ្នាំមុន វាគឺជាកំពូលទូរសព្ទសខ្មៅដ៏ល្បីល្បាញ ហើយនរណាៗក៏កោតសរសើរអំពីភាពរឹងមាំ និងជាប់ធុនរបស់វាផងដែរ៕

ប្រភពព័ត៌មាន: independent, news.com.au

មតិយោបល់