ព័ត៌មានបច្ចេកវិទ្យា

របៀបស្វែងរកម្ចាស់ iPhone ក្រោយពេលដែលយើងរើសបានវា

ការប្រគល់ទូរស័ព្ទ iPhone ដែលយើងរើសបានទៅដល់ម្ចាស់ដើមគេវិញ វាជារឿងងាយស្រួលប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពិបាកនៅត្រង់ថា តើអ្នកសុខចិត្តប្រគល់ iPhone ឲ្យទៅម្ចាស់គេវិញដែរឬអត់?
ពេលនេះ Post Tech សូមលើកយកវិធីសាស្រ្ត៣យ៉ាង ដែលអាចជួយប្រិយមិត្តក្នុងការទំនាក់ទំនងទៅកាន់ម្ចាស់ដើមទូរស័ព្ទដោយងាយស្រួលជាងការអ្នកគិតរបស់អ្នកទៅទៀត៖

វិធីសាស្រ្តទី ១៖ ប្រសិនបើ iPhone នោះមិនបានចាក់សោជាប់ទេ

សូមពិនិត្យមើលការហៅទូរស័ព្ទថ្មីៗ និងស្វែងរកមើលឈ្មោះមួយចំនួនដូចជា Home, Dad, Mom, Brother, Sister or Friend (អ្នកផ្ទះ ប៉ា ម៉ាក់ បងប្រុស បងស្រី ឬ មិត្តភក្តិ) ជាដើម។ល។

វិធីសាស្រ្តទី ២៖ ប្រសិនបើ iPhone នោះត្រូវបានចាក់សោជាប់

ប្រហែលជាមានប្រិយមិត្តមួយចំនួនមិនដឹងថា ខ្លួនគេក៏អាចប្រើប្រាស់ iPhone នោះបានផងដែរ ដូចជាការហៅទូរស័ព្ទចេញ និងអាចផ្ញើសារចេញបាន។ ដូច្នេះអ្នកអាចហៅទូរស័ព្ទទៅកាន់ មនុស្សមួយចំនួនដែលមានការជាប់ទាក់ទងជាមួយម្ចាស់ដើមទូរស័ព្ទបាន ដោយជាដំបូងសូមបើកទូរស័ព្ទ រួចធ្វើការចុចឲ្យជាប់ត្រង់ប៊ូតុង Home រហូតដល់វាលោតកម្មវិធី Siri ចេញមក ក្នុងពេលនោះអ្នកគ្រាន់តែនិយាយពាក្យថា “Call home” ឬ “Call Mom” ឬ “Call Dad” (និយាយបានម្តងមួយប៉ុណ្ណោះ) ប្រសិនបើឈ្មោះ Home, Mom ឬ Dad មាននៅក្នុងបញ្ជីលេខទូរស័ព្ទ iPhone នោះវានឹងធ្វើការហៅទូរស័ព្ទចេញភ្លាម។

វិធីសាស្រ្តទី ៣ – បញ្ចូលថ្មទូរស័ព្ទបន្ថែម និងរង់ចាំទទួលការហៅទូរស័ព្ទចូល

ពេលខ្លះមនុស្សមួយចំនួនមិនបានគិតដល់ការបញ្ចូលថ្មទូរស័ព្ទបន្ថែមនោះទេ ប្រសិនបើទូរស័ព្ទនោះអស់ថ្មហើយ ម្ចាស់ទូរស័ព្ទព្យាយាមខលមក ប៉ុន្តែទាក់ទងមិនបានសោះ ពេលនោះហើយវាគឺជាបញ្ហា។
ប្រសិនបើប្រិយមិត្តគ្រប់រូបអាចធ្វើរាល់កិច្ចការទាំងអស់នេះបាន ដូចនេះការភ្លេច ឬក៏ការជ្រុះបាត់ទូរស័ព្ទដៃ iPhone លេងជាបញ្ហាសម្រាប់យើងរាល់គ្នាហើយ៕

មតិយោបល់