ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Volkswagen ព្រមបង់ ១.២៥$ ពាន់លាន ទិញ-ជុសជុលរថយន្តម៉ាស៊ូតមានបញ្ហាបំភាយឧស្ម័ន

រឿងអាស្រូវលួចបន្លំលទ្ធផលតេស្តកម្រិតបំភាយឧស្ម័នចេញពីរថយន្តម៉ាស៊ូតរបស់ក្រុមហ៊ុន Volkswagen (VW) ដែលបានអូសបន្លាយច្រើនឆ្នាំមកហើយនោះ កំពុងឈានជិតដល់ទីបញ្ចប់ហើយ គឺបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ងមួយនេះ ព្រមព្រៀងគ្នាជាមួយនិយ័តករសហព័ន្ធក្នុងការជុសជុល ផ្តល់សំណង ឬទិញយកមកវិញនូវរថយន្តបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣ លីត្រ ចំនួន ៧៨,០០០ គ្រឿង ដែលខ្លួនបានលួចបំពាក់កម្មវិធីក្លែងតួលេខកម្រិតបំភាយឧស្ម័នកខ្វក់។

គណកម្មការពាណិជ្ជកម្មសហព័ន្ធនៃសហរដ្ឋអាមេរិក បានប្រកាសថា តាមរយ:ដំណោះស្រាយថ្មីដែលបានព្រមព្រៀងនៅថ្ងៃពុធនេះ ក្រុមហ៊ុន VW នឹងប្រគល់សងទឹកប្រាក់ចំនួនជាង ១.២៥ ពាន់លានដុល្លារ ដល់ម្ចាស់រថយន្តដែលមានបញ្ហា។ ការព្រមផ្តល់សំណងនេះដែរ គឺនឹងផ្តាច់ចំណងផ្លូវច្បាប់ចងដោយគណកម្មការ កាលពីខែមិនា ដោយចោទប្រកាន់ក្រុមហ៊ុនពីបទឆបោកអតិថិជន តាមរយ:យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានប្រើដើម្បីឃោសនាថា រថយន្តម៉ាស៊ូតរបស់ខ្លួន គ្មានបញ្ហាបំភាយឧស្ម័នលើសកម្រិតដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។

ឋិតក្រោមការព្រមព្រៀង ម្ចាស់រថយន្ត Porsche, VW, និង Audi ជិត​ ២០,០០០ គ្រឿង ស៊េរីពីឆ្នាំ ២០០៩ ដល់ ២០១២ នឹងអាចលក់រថយន្តរបស់ពួកគេទៅឱ្យក្រុមហ៊ុនវិញ ក្នុងតម្លៃចម្លោះពី ២៦,០០០ ទៅ ៥៨,០០០ ដុល្លារ ទៅតាមម៉ូឌែល អាយុកាល និងសំណិក។ បន្ថែមពីលើនេះ ម្ចាស់រថយន្ត Porsche ម៉ាស៊ីន V6, VW, និង Audi ស៊េរីពីឆ្នាំ ២០១៣ ដល់ ២០១៦ ប្រមាណ ៥៨,០០០ នាក់ អាចយករថយន្តដែលមានបញ្ហាបំភាយឧស្ម័នរបស់ពួកគេទៅជុសជុល ដោយមានសំណងជាលុយចាប់ពី ៨,៥០០ ដុល្លារ ដល់ ១៧,០០០ ដុល្លារ ក្នុងមួយគ្រឿង។

មិនតែប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ការជុសជុល ប្រសិនបើគេរកឃើញថា នៅតែមិនអាចកាត់បន្ថយកម្រិតបំភាយឧស្ម័នឱ្យមកនៅត្រឹមស្តង់ដាកំណត់ដោយភ្នាក់ងារការពារបរិស្ថានទៀត នោះក្រុមហ៊ុន VW នឹងត្រូវទិញរថយន្តទាំងនោះចូលមកវិញ ក្នុងទឹកប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ តាមការព្រមព្រៀង៕

ប្រភពព័ត៌មាន: consumerist

មតិយោបល់