ព័ត៌មានបច្ចេកវិទ្យា

មិនយូរទេ ជប៉ុនលែងប្រើមនុស្សធ្វើការហើយ ព្រោះគេមាន AI ឆ្លាតវៃជាងមនុស្សទៅទៀត

ការប្រើប្រាស់ម៉ាស៊ីនធ្វើការជំនួសមនុស្សកំពុងក្លាយជាការពិតជាក់ស្តែងហើយ ខណ:ក្រុមហ៊ុនធានារ៉ាប់រងរបស់ជប៉ុនមួយឈ្មោះ Fukoku Mutual បានកាត់បន្ថយបុគ្គលិកជាង ៣០ នាក់ ដាក់ជំនួសដោយប្រព័ន្ធ Artificial Intelligence (AI) ឬថា បញ្ញាញាណនិម្មិត ដើម្បីគណនាការទូទាត់ប្រាក់ធានារ៉ាប់រងផ្សេងៗ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនេះជឿថា ប្រព័ន្ធបញ្ញាញាណនិម្មិតនឹងជួយបង្កើនផលិតកម្មរបស់ពួកគេដល់ ៣០% ហើយពួកគេនឹងឃើញផលចំណេញពីការវិនិយោគលើប្រព័ន្ធដ៏ទំនើបនេះមកវិញ យ៉ាងយូរ ២ ឆ្នាំក្រោយ។

ក្រុមហ៊ុននិយាយថា AI នឹងជួយសន្សំសំចៃក្រុមហ៊ុនប្រមាណ ១៤០ លានយ៉េន (១.២៤ លានដុល្លារ) ក្នុងមួយឆ្នាំ ក្រោយពីការបោះទុន ២០០ លានយ៉េន (១.៧៣ លានដុល្លារ) លើការដំឡើងប្រព័ន្ធ AI នៅខែនេះ បូករួមការដែលនឹងត្រូវចំណាយលើសេវាថែទាំប្រហែល ១៥ លានយ៉េន (១២៣,៨៥៣ ដុល្លារ)។

ក្រុមហ៊ុន Kukoku បន្ថែមថា ការគណនាប្រាក់ធានារ៉ាប់រងសរុបរបស់ខ្លួន គឺមានរហូតដល់ ១៣២,០០០ ឯណោះ ក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំចុងក្រោយ ហើយមុននឹងអាចផ្តល់ប្រាក់ធានាដុលទៅដល់អតិថិជនម្នាក់ៗ ពួកគេត្រូវការរង់ចាំការសម្រេចយល់ព្រមពីបុគ្គលិកដែលកាន់ការងារនេះជាមុនសិន។ ដូច្នេះ វានាំឱ្យខាតបង់ពេលវេលារបស់ក្រុមហ៊ុនច្រើន។

យោងតាមរបាយការណ៍ឆ្នាំ ២០១៥ មួយចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ Nomura ចំនួនមនុស្សធ្វើការនៅក្នុងប្រទេសជប៉ុន ជិតពាក់កណ្តាល នឹងត្រូវបានដាក់ជំនួសដោយមនុស្សយន្ត មុនឆ្នាំ ២០៣៥៕

ប្រភពព័ត៌មាន៖ theguardian

មតិយោបល់