ព័ត៌មានបច្ចេកវិទ្យា

មិនចាំបាច់ព្រួយរឿងគេតាមដានលោកអ្នកទៀតទេ ជាមួយ iOS 11 ព្រោះ Apple បានដាក់ចេញ…

បញ្ហាឯកជនភាពរបស់អតិថិជនគឺជាអ្វីដែលក្រុមហ៊ុន Apple យកចិត្តទុកដាក់ខ្ពស់បំផុត។

តាមរយៈប្រព័ន្ធ iOS 11 លោកអ្នកនឹងអាចទទួលបាននូវជម្រើសក្នុងការគ្រប់គ្រងឯកជនភាពរបស់ខ្លួនកាន់តែប្រសើរជាងមុន លើមុខងារ Location Services និងក្នុង Photo Library ដែលពីមុនមក កម្មវិធីផ្សេងៗដូចជា Facebook និង Uber ជាដើម តែងទាមទារឱ្យមានការបើក ឬសុំការអនុញ្ញាតពីលោកអ្នកដើម្បីអាចចូលទៅកាន់ទិន្នន័យក្នុងនោះបានដោយសេរី។

ខុសពីនៅលើប្រព័ន្ធ iOS 11 កម្មវិធីផ្សេងៗនឹងអាចតាមដានទីតាំងដែលលោកអ្នកកំពុងឋិតនៅតាមរយៈមុខងារ Location Services តែនៅពេលណាដែលខ្លួនកំពុងបើកប្រើកម្មវិធីទាំងនោះប៉ុណ្ណោះ ដោយ Apple តម្រូវឱ្យកម្មវិធីនានាបន្ថែមជម្រើស “Only While Using the App” នៅក្នុង Settings -> Privacy -> Location Services ពីលើជម្រើស “Always Allow” និង “Don’t Allow”។

ដោយឡែក កម្មវិធីនានាក៏នឹងមិនអាចចូលទៅកាន់ទិន្នន័យរូបថតទាំងមូលរបស់លោកអ្នកដូចនៅលើប្រព័ន្ធកម្មវិធី iOS ពេលបច្ចុប្បន្ននោះដែរ។ ពោលគឺ លោកអ្នកនឹងអាចបើករូបថតក្នុងកម្មវិធីផ្សេងៗ ដោយមិនចាំបាច់អនុញ្ញាតឱ្យកម្មវិធីទាំងនោះចូលទៅកាន់ទិន្នន័យរូបថតក្នុង Camera Rolls លើទូរសព្ទ iPhone ឬ iPad របស់ខ្លួនទៀតឡើយ។

កម្មវិធីនានានឹងផ្តល់នូវជម្រើស Write-Only ទៅដល់លោកអ្នក នៅពេលលោកអ្នកចង់ចម្លងរូបថតពីសេវាកម្ម ឬពីកម្មវិធីទាំងនោះ។ ធ្វើដូច្នេះ សេវាកម្ម ឬកម្ម​វិធីទាំងនោះ នឹងមិនអាចចូលទៅកាន់ទិន្នន័យរូបថតដូចបច្ចុប្បន្នទេ៕

ប្រភពព័ត៌មានៈ theverge, cnet

មតិយោបល់