ព័ត៌មានបច្ចេកវិទ្យា

iOS 10 ឥឡូវនេះមានអ្នកប្រើប្រាស់ច្រើនដល់ ៧៦% ទូទាំងពិភពលោក

ជាមួយនឹងការប្រកាសថ្មីបង្អស់នៃស្ថិតិការប្រើប្រាស់ប្រព័ន្ធ iOS នៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple បានប្រកាសទទួលស្គាល់ជាផ្លូវការថាប្រព័ន្ធ iOS ជំនាន់ ១០ ឥឡូវនេះត្រូវបានដំឡើងប្រើប្រាស់លើឧបករណ៍ iPhone និង iPad ក្នុងចំនួន ៧៥ ភាគរយ លើពាសពេញសាកលលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ប្រព័ន្ធ iOS 10 នេះចេញជាផ្លូវការនៅក្នុងខែកញ្ញា ទី១៣ ឆ្នាំ២០១៦ មានន័យថាវាទើបចេញបានជាង៣ខែប៉ុណ្ណោះ ចាប់តាំងពីក្រុមហ៊ុន Apple បានបញ្ចេញមក ក៏មានប្រជាប្រិយខ្លាំងបែបនេះទៅហើយ។

តាមដ្យាក្រាមរង្វង់ បានតាងថាប្រព័ន្ធ iOS ជំនាន់ ៩ មានអ្នកប្រើប្រាស់ចំនួន ១៨ ភាគរយ រីឯ iOS ជំនាន់មុនៗមានអ្នកប្រើប្រាស់សរុបបានត្រឹមតែ ៦ ភាគរយប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានថ្លែងទៀតថាប្រព័ន្ធ iOS ជំនាន់ ១០ មានកំណើនការប្រើប្រាស់លឿនជាងគេក្នុងរយៈពេលដ៏ខ្លី បើប្រៀបនិងប្រព័ន្ធ iOS ជំនាន់មុនៗ។

ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះបានបញ្ចេញប្រព័ន្ធ iOS 10.2 ជាផ្លូវការនៅក្នុងថ្ងៃទី១២ ខែធ្នូ ឆ្នាំមុន។ មកដល់ពេលនេះ តាមប្រភពព័ត៌មានចចាមអារាមលើកឡើងថា ប្រព័ន្ធ 10.3 ជំនាន់សាកល្បងដំបូង នឹងត្រូវចេញមកក្នុងសប្តាហ៍ក្រោយ ហើយវាអាចនឹងបន្ថែមលក្ខណៈពិសេសថ្មីមួយគឺ “Theater Mode”៕
ប្រភពព័ត៌មាន៖ iphonehack.com

មតិយោបល់