ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ បានដាក់ចេញនូវជម្រើសផ្លូវដើរពីរសម្រាប់ក្រុមហ៊ុន Toyota Motor ប្រសិនបើក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោកមួយនេះ ហ៊ានដំឡើងរោងចក្រផលិតរថយន្ត Corolla របស់ខ្លួន ក្នុងទឹកដីនៃប្រទេសម៉ិចស៉ិចកូ។
ប្រធានាធិបតីអាមេរិកអាណត្តិថ្មីរូបនេះ បានថ្លែងលើទំព័រ Twitter ផ្លូវការរបស់លោកថា៖ «Toyota ចង់សង់រោងចក្រថ្មីនៅម៉ិចស៉ិចកូ ដើម្បីដំឡើងរថយន្តកូរ៉ូឡាមកលក់នៅអាមេរិក គឺគ្មានផ្លូវទេ!» លោកបន្ថែមថា៖ «ចង់សង់រោងចក្រនៅអាមេរិក ឬចង់បង់ពន្ធឆ្លងដែនធ្ងន់ឱ្យអាមេរិក»។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលលោក Trump បានដាក់គំនាបក្រុមហ៊ុនបរទេសដែលចង់បណ្តាក់ទុននៅក្នុងទឹកដីនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរ នៅអាមេរិកឡាទីន។ កន្លងមក មហាសេដ្ឋីអចលនទ្រព្យរូបនេះ ក៏បានធ្វើដូចគ្នាអីចឹងដែរ ចំពោះក្រុមហ៊ុនក្នុងស្រុកមួយចំនួន ដូចជា Ford Motor និង Apple ជាដើម។
ក្រុមហ៊ុន Toyata ដែលបានប្រកាសថានឹងបង្កើតរោងចក្រថ្មីមួយនៅប្រទេសម៉ិចស៊ិចកូក្នុងខែមេសា ២០១៥ នោះ បាននិយាយថា ខ្លួននឹងមិនទៅណាឆ្ងាយពីការងារនៅអាមេរិកឡើយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនលោក Scott Vazin បានថ្លែងថា៖ «Toyota ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរបស់លោក Donald Trump ដើម្បីបម្រើឧស្ស ហកម្មរថយន្ត និងអត្ថប្រយោជន៍របស់អតិថិជនឱ្យបានល្អបំផុត»៕
ប្រភពព័ត៌មាន៖ reuters
មតិយោបល់