ព័ត៌មានបច្ចេកវិទ្យា

ការលក់ iPad Pro ស៊េរីថ្មីរបស់ Apple អាចនឹងធ្លាក់ចុះទាបដល់កំណត់ត្រាថ្មី ដោយសារបញ្ហាផលិតកម្ម

យោងតាមការអះអាងរបស់អ្នកវិភាគផលិតផល Apple គឺលោក Ming-Chi Kuo ការលក់ផលិតផល iPad Pro ស៊េរីបន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក អាចនឹងធ្លាក់ចុះទាបដល់កំណត់ត្រាថ្មីមួយមិនធ្លាប់មាន។
លោក Kuo បានប៉ាន់ប្រមាណថា ការលក់របស់ iPad ស៊េរីថ្មី នឹងធ្លាក់ចុះពី ១០% ទៅ ២០% ក្នុងឆ្នាំ ២០១៧ ហើយផលិតផលថ្មីនេះ ទំនងជាមិនអាចជំរុញឱ្យមានកំណើនជាដុំកំភួននោះទេ។
ការអះអាងរបស់អ្នកវិភាគល្បីឈ្មោះរូបនេះ គឺស្របទៅនឹងរបាយការណ៍ថ្មីមួយដែលលើកឡើងថា iPad Pro ជំនាន់បន្ទាប់របស់ Apple ដែលគ្រោងនឹងប្រកាសចេញនៅដើមឆ្នាំ ២០១៧ ខាងមុន អាចនឹងត្រូវពន្យាពេលចេញលក់ ក្រោយពីផលិតកម្មបន្ទះឈីប A10X សម្រាប់បំពាក់ឱ្យវា កំពុងជួបបញ្ហាមិនអាចផលិតចេញបានតាមចំនួនរំពឹងទុក។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា បញ្ហានេះកំពុងកើតមានឡើងនៅរោងចក្រផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ការផលិតបន្ទះឈីបឱ្យក្រុមហ៊ុន Apple តាមការកម្ម៉ង់ ហើយវាអាចនឹងឈានទៅដល់ការពន្យាពេលក្នុងការផលិតតាមបរិមាណកំណត់នៅឆ្នាំថ្មីខាងមុខ។

ក្នុងរបាយការណ៍កន្លងទៅមួយបានលើកឡើងថា ក្រុមហ៊ុនផលិត iPhone បានបន្ថយការបញ្ជាទិញគ្រឿងគ្រៅផ្សេងៗរបស់ iPad ខណៈការលក់របស់វាមានការធ្លាក់ចុះនៅក្នុងឆ្នាំនេះ ហើយវាអាចនឹងធ្លាក់ដល់កំណត់ត្រាថ្មីមួយក្នុងឆ្នាំ ២០១៧។ ការបន្ថយការបញ្ជាទិញនេះដែរ នឹងមិនត្រូវបានបង្កើនឡើងវិញនោះទេ រហូតដល់ឆ្នាំ ២០១៨ នៅពេលដែលក្រុមហ៊ុនកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវផលិតផល iPad ជំនាន់បន្ទាប់របស់ខ្លួន៕

ប្រភពព័ត៌មាន៖ cultofmac

មតិយោបល់