ព័ត៌មានចចាមអារ៉ាមបានលេចឮជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយថា ក្រុមហ៊ុន Microsoft កំពុងធ្វើការ លើស្មាតហ្វូនត្រកូល Surface ដែលមិនដូចជាទូរសព្ទបច្ចុប្បន្ន។ ខណៈទីផ្សារស្មាតហ្វូនដើរដោយប្រព័ន្ធ Windows Phone ត្រកូល Lumia របស់ខ្លួនត្រូវបរាជ័យក្នុងទីផ្សារ ទូរសព្ទចល័ត Microsoft Surface ក៏នៅតែបន្តលេចឮថែមទៀត តាមរយៈគំរូប៉ាតង់របស់វា។
ចុងក្រោយនេះ គេហទំព័រ Inquisitr បានរាយការណ៍អំពីប៉ាតង់គំរូរបស់ទូរសព្ទ Surface ថ្មីមួយរបស់ Microsoft ដែលក្រុមហ៊ុនទើបទទួលបានកម្មសិទ្ធិបញ្ញាពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុន។
ប៉ាតង់ថ្មីនោះ បានបង្ហាញពីរូបរាងស្មាតហ្វូនដែលមានរចនាបទពុំធ្លាប់មានមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមានមូលដ្ឋាននៅទីក្រុង Redmond រដ្ឋ Washington សហរដ្ឋអាមេរិក។ វាគឺជាស្មាតហ្វូនកូនកាត់បំពាក់អេក្រង់ពីរអាចបត់ចុះឡើងផ្អិបចូលគ្នាបាន និងអាចបំប្លែងខ្លួនពីទូរសព្ទទៅជាថេប្លេត និងទៅជាកុំព្យូទ័រយួរដៃខ្នាតកណ្តាលមួយបាន។
យោងតាមកំណត់សម្គាល់ភ្ជាប់ជាមួយរូបភាពប៉ាតង់ដែលបានតម្លាយចេញដោយម្ចាស់គណនីទំព័រ Twitter មួយឈ្មោះ MSPoweruser បានឱ្យដឹងថា ប៉ាតង់ស្មាតហ្វូនគំរូនោះ ត្រូវបាន Microsoft រចនាឡើងដើម្បីដាក់ឱ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការពេញលេញមួយ ដែលមិនដូចប្រព័ន្ធ Microsoft Windows Phone លើកមុន តែជាប្រព័ន្ធដែលត្រូវបានរចនា និងអភិវឌ្ឍឡើងសម្រាប់ដើរលើឧបករណ៍ដែលបំពាក់អេក្រង់បត់ និងចល័ត។
គំរូប៉ាត់ទូរសព្ទអេក្រង់បត់នេះ ប្រសិនបើ Microsoft ពិតជាផលិតវាចេញ ហើយបើដូចជាការរំពឹងទុកថានឹងបង្ហាញវត្តមានពិតប្រាកដនៅឆ្នាំក្រោយមែននោះ ពិភពឧបករណ៍ចល័តដែលមានស្មាតហ្វូន និងថេប្លេតនឹងមានការផ្លាស់ប្តូរ ហើយ Samsung Galaxy X នឹងលែងជាចំណាប់អារម្មណ៍ខ្លាំងបំផុតរបស់មហាជនជាក់ជាមិនខាន៕
មតិយោបល់