ព័ត៌មានបច្ចេកវិទ្យា

Microsoft នឹងកាត់បន្ថយបុគ្គលិក ៧០០ នាក់ទៀតនៅសប្តាហ៍ក្រោយ

ក្រុមហ៊ុន Microsoft នឹងកាត់បន្ថយបុគ្គលិកចំនួន ៧០០ នាក់ បន្ថែមទៀត នៅជុំបន្ទាប់នាសប្តាហ៍ក្រោយ បន្ទាប់ពីក្រុមហ៊ុនផលិតកម្មវិធីយក្សរបស់អាមេរិកមួយនេះ ចេញផ្សាយរបាយការណ៍ចំណូលប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃទី ២៦ ខែមករា។ នេះបើយោងតាមប្រភពច្បាស់ការមួយពីក្រុមហ៊ុន។

ការកាត់បន្ថយបុគ្គលិកនៅជុំថ្មីនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន ដែលបានប្រកាសឡើងកាលពីខែមិថុនា ក្នុងរបាយការណ៍ប្រចាំឆ្នាំំមួយ ស្តីអំពីគម្រោងកាត់បន្ថយមុខតំណែងការងារចំនួន ២៨៥០ កន្លែង ឱ្យបានស្រេចបាច់មុនខែមិថុនា ឆ្នាំ ២០១៧ ដែលត្រូវនឹងថ្ងៃចុងបញ្ចប់នៃឆ្នាំសារពើពន្ធ ២០១៧ របស់ក្រុមហ៊ុន។

ចំពោះកម្លាំងការងារ ៧០០ នាក់ គឺមិនមែនជាចំនួនធំដុំនោះទេ បើធៀបជាមួយកម្លាំងការងាររបស់ក្រុមហ៊ុន ដែលមានរហូត ដល់ ១១៣,០០០ នាក់នោះ។

យោងតាមប្រភពស្និទនឹងបញ្ហាដដែលនេះ ក្នុងចំណោមមុខតំណែងការងារចំនួន ២៨៥០ កន្លែង ដែលគ្រោងនឹងដកចេញភាគច្រើន គឺត្រូវបានគេធ្វើរួចរាល់ទៅហើយ ហើយវានឹងត្រូវធ្វើឡើងនៅតាមអង្គភាពអាជីវកម្ម និងការិយាល័យផ្សេងៗរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក រាប់បញ្ចូលទាំងផ្នែកទីផ្សារ លក់ ធនធានមនុស្ស វិស្វកម្ម និងហិរញ្ញវត្ថុ ជាដើម។

យោងតាមប្រភពដដែលបានឱ្យដឹងថា គោលដៅកាត់បន្ថយបុគ្គលិកមួយភាគតួចនេះ គឺមិនមែនដើម្បីបន្ទាបការចំណាយនោះទេ ប៉ុន្តែ គឺដើម្បីធ្វើបច្ចុប្បន្នភាពមុខជំនាញការងារផ្សេងៗនៅតាមអង្គភាពទាំងនោះ ហើយវាមិនហុចផលប៉ះពាល់ដល់កម្លាំងការងាររួមរបស់ក្រុមហ៊ុនឡើយ។ ជាមួយគ្នានោះ Microsoft កំពុងប្រកាសជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការងារលើមុខតំណែងចំនួនជាង ១,៦០០ កន្លែង តាមរយៈទំព័រការងារ LinkedIn របស់ខ្លួន។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Satya Nadella ក្រុមហ៊ុនបច្ចេកវិជ្ជារបស់អាមេរិកនេះ បានជម្រុះបុគ្គលិកពីរបីលើករួចមកហើយ ក្នុងនោះ រាប់បញ្ចូលទាំងវគ្គជម្រុះមុខតំណែងការងារចំនួន ៧,៤០០ កន្លែង ក្នុងឆ្នាំសារពើពន្ធចុងក្រោយរបស់ក្រុមហ៊ុន ដែលបានធ្វើទៅលើអាជីវកម្មទូរស័ព្ទដៃ ហើយកាលពីឆ្នាំ ២០១៤ ក៏មានការកាត់បន្ថយបុគ្គលិកជាប្រវត្តិសាស្ត្រ ចំនួន ១៨,០០០ នាក់ ផងដែរ៕

ប្រភពព័ត៌មាន៖ businessinsider

មតិយោបល់