ព័ត៌មានបច្ចេកវិទ្យា

Samsung ទម្លាយមូលហេតុផ្ទុះឆេះ Note 7 ផ្លូវការ និងវិធានការឆែកសុវត្ថិភាពថ្មដ៏តឹងរឹង

ដូចតាមការសន្យា ក្រុមហ៊ុន Samsung នៅថ្ងៃច័ន្ទនេះ បានទម្លាយមូលហេតុនៃការផ្ទុះឆេះ Galaxy Note 7 ជាផ្លូវការ ប្រាប់ដល់ពិភពលោកឱ្យបានដឹង ព្រមជាមួយវិធានការត្រួតពិនិត្យសុវត្ថិភាពថ្មតាមវិធីសាស្រ្តដ៏ម៉ឺងម៉ាត់ថ្មីមិនធ្លាប់មានពីមុន។

យោងតាមរបាយការណ៍ ថ្មីមួយចេញផ្សាយថ្ងៃនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េ បានទម្លាក់បញ្ហាដែលបានកើតឡើងចំពោះ Note 7 របស់ខ្លួន ទៅលើការរចនាថ្មខុសបច្ចេកទេស និងការប្រញាប់ប្រញាល់បញ្ចេញ Note 7 ជំនាន់ថ្មី សម្រាប់បំពេញតម្រូវការអតិថិជន។

ក្រុមហ៊ុនថ្លែងក្នុងរបាយការណ៍ថា ខ្លួនបានរកឃើញមូលហេតុខុសឆ្គងក្នុងការរចនាថ្មពីរចំណុចដាច់ដោយឡែកពីគ្នា ដែលបានបង្កឱ្យទូរស័ព្ទ Note ជំនាន់ទី ៧ ឡើងកម្តៅហួសប្រមាណ រហូតដល់ងាយនឹងឆាបឆេះក្នុងករណីមួយចំនួន។ ទីមួយ គឺដោយសារទំហំរបស់វាធំពេកសម្រាប់ការគ្រីបចូលក្នុងតួទូរស័ព្ទដ៏ស្តើង និងទីពីរ គឺដោយសារក្រោយពីការប្រមូល Note 7 ចូល​មកវិញលើកដំបូង ក្រុមហ៊ុនបានប្រគល់តួនាទីក្នុងការផលិតថ្មដល់រោងចក្រផ្សេង រួចខ្លួនបានប្រញាប់ទទួលយក Note 7 ថ្មី ចែកចាយដល់អតិថិជន ខណ:ថ្មថ្មីរបស់វានោះ ក៏នៅតែបន្សល់ទុកនូវបញ្ហានាំឱ្យវាកើនកម្តៅដដែល។

ក្រោយពីកើតមានបញ្ហាថ្មធ្ងន់ធ្ងរបែបនេះ Samsung បានប្រកាសដាក់ចេញនូវវិធានការត្រួតពិនិត្យសុវត្ថិភាពថ្មចំនួន ៨ ដំណាក់កាល ដើម្បីធ្វើឱ្យប្រាកដថា ផលិតផលស្មាតហ្វូនថ្ងៃអនាគតរបស់ខ្លួន មិនជួបប្រទះបញ្ហាអកុសលដូច Galaxy Note 7 ទៀត។ ក្នុងនោះ វាត្រូវឆ្លងកាត់លក្ខខណ្ឌសាកល្បងដ៏តឹងរឹងបំផុត រាប់បញ្ចូលទាំងការប្រើកាំរស្មី X-ray បង្ខំឱ្យថ្មធ្វើការធ្ងន់ធ្ងរខ្លាំងជាងពេលដែលវាត្រូវបានប្រើប្រាស់ក្នុងលក្ខខណ្ឌធម្មតាៗ។

ក្រោយពីបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់នេះរួចមក ក្រុមហ៊ុន Samsung ចាត់ទុកការស្តារទំនុកចិត្តរបស់អតិថិជនចំពោះសុវត្ថិភាពថ្ម គឺជាកិច្ចការអទិភាពចម្បងបំផុតមួយដែលខ្លួនត្រូវធ្វើឱ្យបាន។ តែទោះយ៉ាងណា ពិភពលោកកំពុងរង់ចាំមើលថាតើក្រុមហ៊ុនអាចនឹងកែបញ្ហានេះបានដោយជោគជ័យដែរឬយ៉ាងណា ខណ:កំពូលទូរសព្ទ Galaxy S8 របស់ក្រុមហ៊ុន គ្រោងនឹងប្រកាសចេញនាប៉ុន្មានខែខាងមុន៕

ប្រភពព័ត៌មាន៖ businessinsider

មតិយោបល់