ព័ត៌មានបច្ចេកវិទ្យា

Mark Zuckerberg ពិចារណាលើការបណ្តេញអ្នកស្រុក Hawaii ចេញដោយបង្ខំ បន្ទាប់ពីរងការរិះគន់យ៉ាងដំណំ

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយថា លោកកំពុងពិចារណាលើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវច្បាប់ក្នុងការបង្ខំឱ្យអ្នកស្រុកដើមកំណើតនៅរដ្ឋ Hawaii លក់បណ្ណកម្មសិទ្ធិដីធីរបស់ពួកគេ ជាប់ពាក់ព័ន្ធទៅនឹងអចលនទ្រព្យដែលខ្លួនបានទិញនៅលើកោះ Kauai ឡើងវិញ បន្ទាប់ពីបានប្រឈមមុខនឹងការរិះគន់យ៉ាងអាក្រក់។

Zuckerberg បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរដែនដី ដើម្បីបង្ខំក្រុមគ្រួសាររាប់រយគ្រួ ដែលជាម្ចាស់ដីកេរ្តិ៍មរតកដូនតាបន្តពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែគ្មានឯកសារច្បាស់លាស់ ឱ្យចេញពីដីមុខឆ្នេរសមុទ្ររបស់គាត់នៅលើដែនកោះ Kauai ក្រោមហេតុផលដើម្បីបង្កើតភាពជាឯកជនរបស់ខ្លួន

មហាសេដ្ឋីវ័យក្មេងរូបនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារ៍ថា «ដោយផ្អែកលើមតិពីសហគមន៍មូលដ្ឋាន យើងកំពុងពិចារណាអំពីដំណើរការផ្លូវច្បាប់របស់យើង ហើយកំពុងពិភាក្សាស្វែងរកវិធីដោះស្រាយឆ្ពោះទៅមុខទៀត»។

លោកបន្ថែមថា «យើងចង់ធ្វើឱ្យប្រាកដថា យើងកំពុងអនុវត្តតាមដំណើរការមួយដែលការពារផលប្រយោជន៍របស់ម្ចាស់ទ្រព្យ គោរពប្រពៃណីទំនៀមទម្លាប់ជនជាតិដើមកំណើត Hawaii និងរក្សាបរិស្ថានជុំវិញតំបន់នោះ»។

លោក Kaniela Ing តំណាងរដ្ឋ Hawaii ដែលទទួលខុសត្រូវលើវិវាទដីធ្លីដ៏ចម្រូងចម្រាសនេះ បានណែនាំឱ្យភាគីពាក់ព័ន្ធវិលចូលមកអង្គុយចចារ សម្រុះសម្រួលគ្នា និងស្វែងរកដំណោះស្រាយសមស្របរួមមួយ។

លោក Ing បានមានប្រសាសន៍ថា៖ «ខ្ញុំមានក្តីរំភើបរីករាយចំពោះពាក្យសម្តីរបស់លោក Zuckerberg ដែលបង្ហាញពីឆន្ទៈក្នុងការចង់ពិភាក្សារកដំណោះស្រាយ»។

មន្រ្តីតំណាងរដ្ឋរូបនេះ បានជំរុញឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Facebook ទម្លាក់ចោលសកម្មភាពផ្លូវច្បាប់នានា ហើយគាំទ្រឱ្យភាគីពាក់ព័ន្ធទាំងអស់វិលមកកាន់តុចចារសារជាថ្មី ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានមួយក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមកចំពោះកម្មសិទ្ធិដីធ្លី និងវប្បធម៌។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Mark Zuckerberg បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន ពន្យល់ពីផែនការនៅក្នុងរដ្ឋហាវ៉ៃរបស់លោក ដែលបង្កើតឱ្យមានព័ត៌មានដ៏កក្រើកនៅលើទំព័រកាសែត និងការខឹងសម្បារពីមហាជនទូទៅ៕

ប្រភពព័ត៌មាន៖ reuters

មតិយោបល់