ព័ត៌មានបច្ចេកវិទ្យា

Apple Watch នាពេលអនាគតនឹងអាចវាស់កម្រិតគ្លុយកូសក្នុងខ្លួនមនុស្ស

យោងតាមសារព័ត៌មាន BGR បានអះអាងថា ក្រុមហ៊ុន Apple កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិជ្ជាតាមដានកម្រិតសារជាតិគ្លុយកូសនៅក្នុងខ្លួនមនុស្ស ដាក់នៅលើនាឡិកាដៃវៃឆ្លាត Apple Watch របស់គេ។ នេះអាចជាដំណឹងល្អ សម្រាប់អ្នកដែលប្រឈមនឹងការកើតជម្ងឺទឹកនោមផ្អែម ដោយពួកគេពុំចាំបាច់ទៅជោះឈាមជាញឹកញាប់ដើម្បីពិនិត្យមើលជម្ងឺទៀតឡើយ។

ប្រភពដដែលលើកឡើងថា ក្រុមហ៊ុនបច្ចេកវិជ្ជាជាន់ខ្ពស់នេះ បានអញ្ជើញវេជ្ជបណ្ឌិតចំនួន ២០០ នាក់មកចូលរួមធ្វើពិសោធន៍ ដើម្បីសម្រេចនូវគម្រោងការ អភិវឌ្ឍបច្ចេកវិជ្ជាថ្មីនៅលើ Apple Watch។

តាមការសិក្សាថ្មីបង្អស់មួយរកឃើញថា អង្គញាណវាស់ចង្វាក់បេះដូងរបស់ Apple Watch អាចពិនិត្យឃើញ ចង្វាក់បេះដូងលោតខុសប្រក្រតី ឬចង្វាក់បេះដូងលោតញាប់ខ្លាំង។ បើយោងតាម នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានអះអាងថា គាត់ស្រកអស់ជាង ១៣ គីឡូក្រាម តាមរយៈការប្រើប្រាស់ Apple Watch ដែលកំពុងលក់ដាច់ខ្លាំងនៅលើទីផ្សារ។

ខណៈបច្ចេកវិជ្ជាវាស់ស្ទង់ការលើសជាតិស្ករនេះ គួរឲ្យចាប់អារម្មណ៍ខ្លាំង ឃើញថា ពុំទាន់មានភស្តុតាងណាមួយជាក់លាក់ មកបង្ហាញទៅលើការអភិវឌ្ឍន៍នេះទេ។ មកទល់ពេលនេះ អ្នកនាំពាក្យក្រុមហ៊ុន Apple មិនបានធ្វើការឆ្លើយតបមកវិញចំពោះរបាយការណ៍ចេញផ្សាយមួយនេះឡើយ៕

ប្រភពព័ត៌មាន៖ Mashable.com

មតិយោបល់