ព័ត៌មានបច្ចេកវិទ្យា

ទូរទស្សន៍ LG 4K OLED កម្រាស់ចុងក្រចកដៃ ចេញតម្លៃហើយ គឺថ្លៃចាប់ពី ៨,០០០$

ទូរទស្សន៍ LG ស៊េរី Signature 4K OLED W ដែលទើបដាក់តាំងបង្ហាញក្នុងពិព័រណ៌ CES ថ្មីៗនេះ ទីបំផុតទៅ ត្រូវបានគេបង្ហើបឱ្យដឹងពីតម្លៃលក់របស់វាហើយ។

ក្រុមហ៊ុនចែកចាយ B&H បានបោះផ្សាយតម្លៃលក់រាយរបស់ទូរស័ព្ទស៊េរីឆ្នាំ ២០១៧ របស់ក្រុមហ៊ុន LG មួយភាគធំតាមរយៈគេហទំព័រ TechRadar ហើយក្នុងនោះ ទូរស័ព្ទប្រភេទ Smart TV ស៊េរី W បំពាក់អេក្រង់ OLED ទំហំ ៦៥ អីុញរបស់ក្រុមហ៊ុន នឹងដាក់លក់ក្នុងតម្លៃ ៧,៩៩៦ ដុល្លារ ហើយចំពោះស៊េរីដូចគ្នានេះ តែបំពាក់អេក្រង់ទំហំ ៧៧ អីុញ នឹងមានតម្លៃ ១៩,៩៩៦ ដុល្លារ។

ជាមួយតម្លៃខ្ពស់កប់ពពកនេះ ត្រូវបានគេអះអាងថា គឺផ្តល់ទៅលើកម្រាស់ដ៏ស្តើងអស្ចារ្យរបស់វា ដែលគេពិបាកនឹងជឿថាក្រុមហ៊ុន LG មានបច្ចេកវិទ្យាអាចផលិតវាចេញបាន មិនតែប៉ុណ្ណោះ ថែមទាំងបំពាក់មកជាមួយសមាភាពផ្សំទំនើបៗជាច្រើនទៀតដូចជា របារសំឡេង Dolby Atmos (ជាបច្ចេកវិទ្យាសំឡេងបំពាក់ក្នុងរោងភាពយន្ត) គាំទ្រជាមួយស្តង់ដា HDR (ជួយបង្កើនគុណភាពរូបភាព) និងដំណើរការលើប្រព័ន្ធប្រតិបត្តិ WebOS 3.5 ជាដើម។ល។

ក្រុមហ៊ុនចែកចាយផលិតផលអេឡិចត្រូនិច B&H ក៏បានបញ្ចេញតម្លៃទូរទស្សន៍ LG ស៊េរី C និង E ផងដែរ ហើយចំពោះម៉ូឌែល ទាបជាងគេបង្អស់នោះគឺមានតម្លៃ ២,៥០០ ដុល្លារ៕

ប្រភពព័ត៌មាន: theverge

មតិយោបល់