ព័ត៌មានបច្ចេកវិទ្យា

Samsung អះអាងថា ការផ្ទុះឆេះ Galaxy Note 7 គឺជាកំហុសតូចបំផុត ខណៈមនុស្សរាប់លាន​ភិតភ័យ​យ៉ាងខ្លាំង

សេអ៊ូលៈ ក្រុមហ៊ុន Samsung បានរាយការណ៍ទៅកាន់ទីភ្នាក់ងារកូរ៉េសម្រាប់បច្ចេកវិទ្យា និងបទដ្ឋាន ថា ការផ្ទុះឆេះ Galaxy Note 7 ពេលកំពុងសាកថ្មនោះគឺជាកំហុសតិចតូចបំផុតរបស់ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្ម ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន។

សារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃនេះថា ការប្រការប្រមូល Galaxy Note 7 នៅជុំវិញ​ពិភពលោក ដោយសារតែមានការផ្ទុះឆេះពេលកំពុងសាកថ្មនោះ វាមិនមែនជា​បញ្ហាអ្វីធំនោះទេ ជា​ពិសេសវាគឺជាកំហុសដ៏តូចបំផុតរបស់ក្រុមហ៊ុនផ្គត់ផ្គង់ថ្ម ខណៈដែល Galaxy Note 7 ចំនួន ២.៥លាន​គ្រឿង នៅទូទាំងពិភពលោក កំពុងប្រកាសប្រមូល។

Samsung បានបញ្ជាក់នៅក្នុងសេចក្ដីរាយការណ៍ថា លទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញ​ថា ដោយសារតែបញ្ហាថ្ម ទើបបណ្ដាលឲ្យផ្ទុះឆេះ ខណៈដែល Blooomberg បានប៉ាន់ប្រមាណថា Samsung នឹងខាតបង់ប្រាក់ ១ពាន់លានដុល្លារអាមេរិកទៅលើបញ្ហានេះ ជាពិសេសគឺប្រជាប្រិយភាព ស្របពេលដែល iPhone 7 កំពុងតែមានការបញ្ជាទិញយ៉ាងច្រើនសន្ធឹក។

ទីភ្នាក់ងារកូរ៉េសម្រាប់បច្ចេកវិទ្យា និងបទដ្ឋាន បានឲ្យដឹងថា នៅពេលនេះ Samsung បានព្យាយាម​បញ្ឈប់​នូវបញ្ហាមួយនេះ ប៉ុន្តែមកដល់ពេលនេះ ការប្រមូល Galaxy Note 7 នៅមិនទាន់អស់នោះទេ ហើយ​ Samsung គ្រោងនឹងចេញ Software update ថ្មី ដើម្បីកាត់បន្ថយបញ្ហា។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ស្រាវជ្រាវរបស់កាណាដា បានបង្ហាញឲ្យដឹងថា ការផ្ទុះឆេះ​ស្មាតហ្វូន Galaxy Note 7 មានច្រើនជាង ៧០ករណី ដោយនៅគិតតែនៅក្នុងសហរដ្ឋអាមេរិក​មួយប៉ុណ្ណោះ ចំណែកនៅតាមបណ្ដាប្រទេសផ្សេងៗទៀតមិនត្រូវបានរាប់បញ្ចូលឡើយ៕

samsung-galaxy-note-7-allegedly-explodes-inside-a-jeep-in-florida

មតិយោបល់