ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានប្រកាសប្រមូលមកវិញនូវរថយន្តកម្លាំងយក្សរបស់ខ្លួនចំនួនជិត ៦,០០០ គ្រឿង រាប់បញ្ចូលទាំងម៉ូឌែលដ៏កម្រតម្លៃ ៤.៥ លានដុល្លារ ដោយសារបញ្ហាលេចធ្លាយប្រេងសាំងដែលនាំឱ្យមានការឆាបឆេះ។ នេះបើយោងតាមសេចក្តីប្រកាសមួយធ្វើឡើងដោយអាជ្ញាធរសុវត្ថិភាពចរាចរណ៍របស់អាមេរិក។
យោងតាមសេចក្តីប្រកាសដដែល ការប្រកាសរបស់ក្រុមហ៊ុនយក្សនេះ គឺធ្វើឡើងបន្ទាប់ពីខ្លួនមានការព្រួយបារម្ភអំពីបញ្ហាធុងសាំងរបស់រថយន្តទាំងនោះ ដែលនៅពេលដែលវាផ្ទុកសាំងពេញ ប្រេងអាចនឹងលេធធ្លាយទៅប៉ះនឹងប្រព័ន្ធស៊ីមាំងរបស់រថយន្ត និងបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុបាន។
យោងតាមសារព័ត៌មាន CNN ក្រុមហ៊ុន Lamborghini បានថ្លែងនៅថ្ងៃម្សិលមិញថា ខ្លួនរកឃើញករណីអគ្គីភ័យឆាបឆេះរថយន្តរបស់ខ្លួនចំនួន ៧ នៅទូទាំងពិភពលោក។
ក្រុមហ៊ុនផលិតរថយន្តមហាកម្លាំងរបស់អ៉ីតាលីនេះបានបន្ថែមថា «ម្ចាស់រថយន្ត Veneno ចំនួន ១២ នាក់ ត្រូវបានផ្តល់ព័ត៌មានឱ្យដឹងអំពីបញ្ហានេះរួចទៅហើយ ហើយថា រថយន្តស៊េរី Aventador ដែលមានតម្លៃជាង ៣៤០,០០០ ដុល្លារ ចំនួន ៥៩០០ គ្រឿង ក៏អាចនឹងជួបបញ្ហាដូចគ្នានេះដែរ»៕
ប្រភពព័ត៌មានៈ dailymail
មតិយោបល់