ព័ត៌មានបច្ចេកវិទ្យា

មានឆ្ងល់អត់? វីដេអូថតចេញពី iPhone ដើរលើ iOS 11 បើកលើកុំព្យូទ័រអត់ចេញ!

ដោយសារតែចង់ប្រើប្រាស់មេម៉ូរីម៉ាស៊ីនទូរសព្ទ iPhone ក៏ដូចជា iPad ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ក្រុមហ៊ុន Apple បានដាក់បន្ថែមឯកសាររូបភាព-វីដេអូមួយប្រភេទថ្មី មានឈ្មោះថា .heif និង .hevc ពីលើប្រភេទ .jpg និង .mp4 ដែលមានស្រាប់ តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS 11។

ឯកសារប្រភេទថ្មីនេះ វាស៊ីទំហំមេម៉ូរីតូចជាងឯកសារប្រភេទចាស់រហូតដល់ ៥០% ដោយមិនធ្វើឱ្យបាត់បង់គុណភាពរូបភាព-វីដេអូអ្វីឡើយ។ ទោះយ៉ាងណា ដោយ​សារ​តែវាជាប្រភេទឯកសារកម្រមានគេប្រើជាទូទៅ ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ Windows និង Mac (លើកលែងជំនាន់ចុងក្រោយបង្អស់ MacOS 10.13 High Sierra) គឺបើកតាមធម្មតាមិនចេញនោះទេ។ ម្លោះហើយ លោកអ្នកត្រូវរកកម្មវិធីសម្រាប់បំប្លែងវាឱ្យទៅជាឯកសារប្រភេទ .mp4 វិញ ទើបអាចបើកវាមើលលើកុំព្យូទ័ររបស់ខ្លួនបាន។

ទាក់ទងនឹងបញ្ហានេះ ងាយស្រួលបំផុត លោកអ្នកអាចប្រើប្រាស់វិធីបំប្លែងតាមប្រព័ន្ធអនឡាញបានតាមអសយដ្ឋានhttps://convertio.co/hevc-mp4/

បន្ទាប់ពីចូលទៅកាន់អសយដ្ឋាននេះហើយ (ចូលតាមម៉ាស៊ីនកុំព្យូទ័រ) ដើម្បីធ្វើការបំប្លែង លោកអ្នកគ្រាន់តែចុចលើប៊ូតុង From Computer រួចជ្រើសរើសឯកសារវីដេអូប្រភេទ HEVC ឬ .hevc និងជ្រើសរើសប្រភេទឯកសារដែលត្រូវបំប្លែងចេញ .Mp4 ហើយចុច convert ។ បន្ទាប់មក រង់ចាំរហូតដល់ដំណើរការបំប្លែងចប់ ហើយទាញយកវាមកផ្ទុកលើកុំព្យូទ័ររបស់ខ្លួនវិញ ជាការស្រេច។

ដោយឡែក ប្រសិនបើមិនចង់ឱ្យមានការលំបាកវែងឆ្ងាយដូចនេះ និងមិនខ្វល់ពីទំហំមេហ្គាបៃយ៍នៃឯកសារវីដេអូប្រភេទ .Mp4 បង្កើតឡើងតាមរយៈកាមេរ៉ាថតសមត្ថភាពខ្ពស់របស់ iPhone លោកអ្នកអាចចូលទៅកាន់៖

– ដំបូង សូមចូលទៅកាន់កម្មវិធី​​​ Settings លើ Home Screen
– បន្ទាប់មក ជ្រើសយក​ Camera -> Formats
– បន្ទាប់មកទៀត លោកអ្នកនឹងឃើញ High Efficiency ត្រូវបានជ្រើសរើសមកពីនាយស្រាប់។ បើដូច្នេះមែន សូមចុចប្តូរមក Most Compatible វិញ ជាការស្រេច៕

មតិយោបល់