ក្រុមហ៊ុនផលិតរថយន្តចំនួន ៨ នៅក្នុងឆ្នាំ ២០១៧ នេះ បានបញ្ចេញរថយន្តគំរូដ៏ចម្លែងអស្ចារ្យរបស់ខ្លួន ដើម្បីបង្ហាញអំពីចក្ខុវិស័យរថយន្តអនាគតរបស់ខ្លួន ដោយស្តែងចេញពីគំនិតច្ងៃប្រឌិតទៅលើរចនាបថ បច្ចេកវិទ្យាជាន់ខ្ពស់ និងទំនើបកម្ម ក្នុងវិស័យដឹកជញ្ជូន ដែលលោកអ្នកមិននឹកស្មានដល់ និងមិនធ្លាប់បានឃើញពីមុន។
១– ក្រុមហ៊ុន Fiat Chrysler បានបញ្ចេញរថយន្តអគ្គីសនីគំរូមួយដែលបំពាក់សុទ្ធតែបច្ចេកវិទ្យាកំពូលៗនៅឯពិព័រណ៍ CES ឆ្នាំនេះ។ វាអាចបើកបរបានចម្ងាយផ្លូវរហូតដល់ជាង ៤០០ គីឡូម៉ែត្រ និងប្រើពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ សម្រាប់ការសាកបំពេញថាមពលអាគុយ ៥០% ហើយថែមទាំងមានបំពាក់ប្រព័ន្ធ Lida និង Sensors សម្រាប់គ្រប់គ្រងការបើកបរដោយស្វ័យប្រវត្តិផងដែរ។
២- Oasis គឺជារថយន្តគំរូដ៏ចម្លែកបំផុតមួយដែលត្រូវបានតាំងបង្ហាញឡើងដោយក្រុមហ៊ុន Rinspeed នៅឯពិព័រណ៍ CES កាលពីខែមករា ដោយវាមានសួនច្បារតូចមួយពោរពេញដោយរុក្ខជាតិនៅខាងក្រោយកញ្ចក់របាំងខ្យល់។ ចំណែកផ្ទៃខាងក្នុងវិញ គឺបំពាក់សុទ្ធតែអេក្រង់ប្រភេទប៉ះដែលអាចបញ្ជាដោយប្រើសំឡេង និងកាយវិការ។
៣- ក្រុមហ៊ុន Honda ក៏ទើបបានបញ្ចេញរថយន្តអនាគតរបស់ខ្លួនមួយម៉ូឌែលផងដែរ ដែលវាមានឈ្មោថា NeuV នៅឯពិព័រណ៍ CES។ ក្រុមហ៊ុនមិនបានបង្ហើបឱ្យដឹងពីលក្ខណៈសម្បត្តិរបស់វាច្រើននោះទេ ក្រៅពីថា វាជាប្រភេទរថយន្តស្វ័យបើកបរដើរដោយថាមពលអគ្គីសនី និងបំពាក់ប្រព័ន្ធបញ្ញាញាណនិម្មិត AI ដែលអាចយល់ដឹងពីអារម្មណ៍មនុស្សដើម្បីបង្កើនបទពិសោធន៍បើកបរ។
៤– ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen បានបញ្ចេញកូនរថយន្តក្រុងដ៏សាមញ្ញមួយ បំពាក់ទៅដោយបច្ចេកវិទ្យាជាន់ខ្ពស់ សម្រាប់បង្ហាញពីចក្ខុវិស័យសម្រាប់មធ្យោបាយដឹកជញ្ជូនថ្ងៃអនាគតរបស់ខ្លួន។ រថយន្តនោះមានឈ្មោះថា Hippiemobile ដើរដោយថាមពលអគ្គីសនី និងអាចបរបានចម្ងាយជាង ៤០០ គីឡូម៉ែត្រ បន្ទាប់ពីសាកអាគុយពេញម្តង។ វាមានបំពាក់ប្រព័ន្ធ Lidar, រ៉ាដា, កាមេរ៉ា និង Sensors សម្រាប់ជួយគ្រប់គ្រងដំណើរការបើកបរដោយស្វ័យប្រវត្តិទាំងស្រុង។
៥– ក្រុមហ៊ុន Toyota បានបញ្ចេញគំរូរថយន្តស្វ័យបើកបរមួយដែលអាចដើរតួជាមិត្តដ៏ល្អបំផុតរបស់អ្នកបាន ដោយវាមានបំពាក់ជំនួយការបញ្ញាញាណនិម្មិត AI ឈ្មោះ Yui រចនាឡើងដើម្បីទទួលរ៉ាប់រងភារកិច្ចដែលលោកអ្នកដាក់ឱ្យវាបំពេញ ដោយរាប់បញ្ចូលទាំងការងារគ្រប់គ្រងលើការបើកបរផងដែរ។ រថយន្តគំរូនោះ មិនមានបំពាក់អេក្រង់ប៉ះបញ្ជាទេ តែព័ត៌មានផ្សេងៗអាចរំលេចចេញនៅលើតាប្ល៊ូរថយន្តតែម្តង។ ម្យ៉ាងវិញទៀត ទ្វារសងខាងអាចបើកសម្កាំងឡើងដូចជាស្លាបបក្សីអីចឹង ហើយចង្កៀងមុខរបស់វាវិញ អាចសាញ៉ូភ្នែកដាក់លោកអ្នកបានថែមទៀតផង។
៦– ក្រុមហ៊ុន BMW ក៏ទើបបានបង្ហាញរថយន្តគំរូចុងក្រោយរបស់ខ្លួនសម្រាប់ថ្ងៃអនាគតផងដែរ។ វាជាប្រភេទរថយន្តស្វ័យបើកបរ ដែលមានផ្ទៃខាងក្នុងធំទូលាយ និងបំពាក់បរិក្ខារដូចជាក្នុងគេហដ្ឋានអីចឹង។ ក្នុងនោះ វាមានធ្នើរសម្រាប់ដាក់សៀវភៅ អេក្រង់ដ៏ធំមួយ ហើយនៅពេលដែលរថយន្តចេញដំណើរ អ្នកបើកបរអាចអង្គុយលើកៅអីផ្អែកមកក្រោយអានសៀវភៅបានយ៉ាងរំភើយ។
៧– ក្រុមហ៊ុន Nissan ក៏បានបង្ហាញរថយន្តគំរូ VMotion របស់ខ្លួនផងដែរ នៅឯពិព័រណ៍រថយន្តនាទីក្រុង Detroit ដោយវាមើលទៅពិតជាប្រណិត និងទំនើបអស្ចារ្យខ្លាំងណាស់។ ទ្វារទាំងបួន បើកចេញដូចជាទ្វាររបងផ្ទះអីចឹង ហើយប្រព័ន្ធស្វ័យបើកបរ ProPilot របស់ក្រុមហ៊ុន អាចបញ្ជារថយន្តឱ្យរត់ដោយឯក ឯងលើផ្លូវជាតិក្នុងល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោងបាន។ ចំណែកផ្ទៃខាងក្នុង មានបំពាក់អេក្រង់ផ្តេកដ៏ធំសម្បើមមួយសម្រាប់ផ្តល់ព័ត៌មានកម្សាន្ត និងមុខងារប្រើប្រាស់ផ្សេងៗសម្រាប់អ្នកបើកបរ។
៨– ក្រុមហ៊ុន Citroen បានតាំងបង្អួតនូវរថយន្តគំរូប្រភេទប្រាំកៅអីរបស់ខ្លួនមួយម៉ូឌែលឈ្មោះ C-Aircross នៅដើមខែកុម្ភៈនេះ ជាមួយរចនាបថដ៏ទំនើប មានរាងកោង និងរំលេចដោយពណ៌ស្រស់ឆើតយ៉ាងប្រណិត។ នៅខាងលើដៃចង្កួតរថយន្ត មានបំពាក់អេក្រង់ពណ៌ឆ្លុះមួយ ចំណែកត្រចៀករថយន្តត្រូវបានជំនួសដោយកាមេរ៉ាដើម្បីចាប់យកទិដ្ឋភាពនៅជុំវិញបញ្ចូនមកកញ្ចក់មើលក្រោយ ហើយដំបូលរថយន្តគឺជាផ្ទាំងកញ្ចក់អាចមើលទេសភាពខាងលើបានយ៉ាងធំទូលាយ៕
ប្រភពព័ត៌មានៈ businessinsider
មតិយោបល់