ព័ត៌មានបច្ចេកវិទ្យា

Samsung ពិតជាចម្លងគំនិត AR Emoji ពី Apple?

នៅក្នុងព្រឹត្តិការណ៍បើកបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S9/S9+ ក្រុមហ៊ុន Samsung បានឧទេ្ទសនាមមុខងារថ្មីមួយឈ្មោះថា AR Emoji ស្រដៀងទៅនឹង Animoji ដែលនាំឱ្យមានការចោទសួរថាតើ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េចម្លងគំនិតក្នុងការបង្កើតមុខងារថ្មីនោះ ពីគូប្រជែងរបស់ខ្លួនឬក៏យ៉ាងណា។

ទាក់ទងទៅនឹងការចោទសួរនេះ លោក DJ Koh ប្រធានក្រុមហ៊ុន Samsung Mobile បាននិយាយឱ្យដឹងថា AR Emoji គឺជាមុខងារថ្មីមួយដែលក្រុមហ៊ុនបាននិងកំពុងធ្វើការអភិវឌ្ឍជាច្រើនឆ្នាំមកហើយ ហើយវាមិនមែនជាកើតចេញពីគំនិតរបស់ Apple នោះទេ។

លោកបន្ថែមនៅក្នុងបទសម្ភាស៍មួយនាព្រឹត្តិការណ៍ WMC 2018 ថា​៖ «បែបបទនៃការប្រើប្រាស់ Animoji របស់ Apple គឺខុសគ្នាស្រឡះពី AR Emoji របស់យើង​…យើងធ្វើការយ៉ាងយកចិត្តទុកដាក់ទៅតាមផែនការផ្ទាល់ខ្លួនរបស់យើង»។

លោក Koh គូសបញ្ជាក់ថា ការអភិវឌ្ឍរូបអវតា 3D មានមុខមាត់ដូចមនុស្សមិនមែនប្រើពេលត្រឹមតែមួយថ្ងៃរួចនោះទេ។ លោកមានគំនិតគិតចង់ធ្វើបែបនេះតាំងពីដើមឆ្នាំ ២០០១ មកម្លេះ គឺជាគ្រាដែលលោកនៅគ្រប់គ្រងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ។

បើប្រៀបធៀបគ្នារវាង AR Emoji របស់ Samsung គឺខុសពី Animoji របស់ Apple។ AR Emoji បង្កើតឡើងដោយតួអង្គអវតាឌីជីថលតាមការស្កេនមុខរបស់អ្នកដោយប្រើកាមេរ៉ាមុខ។ បន្ទាប់មក លោកអ្នកអាចប្រើប្រាស់វាជាឯកសាររូបភាពប្រភេទ Gif ឬថតវាទុកជាឯកសារវីដេអូ រួចអាចផ្ញើទៅកាន់អ្នកដទៃតាមកម្មវិធីសារផ្សេងៗ ដូចជា Messenger ឬ WhatsApp ជាដើម ហើយអ្នកទទួលអាចបើកមើលវាបានដោយមិនរើសប្រភេទទូរសព្ទស្មាតហ្វូន។

ដោយឡែក Animoji វិញ ផ្តល់ឱ្យលោកអ្នកនូវរូបភាព 3D ស្រាប់មួយឈុត ដូចជារូបកូននាគ និងខ្លាឃ្មុំជាដើម ដែលវាអាចធ្វើត្រាប់តាមចលនាផ្ទៃមុខ និងសំឡេងរបស់លោកអ្នក។ បន្ទាប់មក លោកអ្នកអាចថតវាទុកជាវីដេអូ និងអាចចែកបន្តទៅអ្នកដទៃបានតាមចិត្តចង់៕

ប្រភពព័ត៌មានៈWSJ

មតិយោបល់