ព័ត៌មានបច្ចេកវិទ្យា

iPad ស៊េរីថ្មី អាចនឹងប្រកាសចេញក្នុងថ្ងៃសម្ពោធស្នាក់ការថ្មី Apple Park នៅដើមខែមេសា

ដើមឡើយ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងប្រកាសចេញ iPad ស៊េរីថ្មីនៅក្នុងខែមិនានេះ ប៉ុន្តែ ក្រោយមកក្រោមហេតុផលមួយចំនួន ក្រុមហ៊ុនក៏បានសម្រេចចិត្តពន្យាពេលការប្រកាសចេញរហូតដល់ខែឧសភា។

ឥឡូវនេះ ស្រាប់តែលេចចេញព័ត៌មានថ្មីមួយថា ព្រឹត្តិការណ៍នៃការបើកបង្ហាញ iPad ស៊េរីឆ្នាំ ២០១៧ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៤ មេសា ក្នុងសាល Steve Jobs Theater នាទីស្នាក់ការកណ្តាលថ្មី Apple Park របស់ក្រុមហ៊ុនថ្ងៃបើកសម្ពោធ។ ព័ត៌មានចចាមអារ៉ាមចុងក្រោយនេះ ត្រូវបានអះអាងឡើងដោយផ្អែកលើវត្តមានរបស់ iPad Pro អេក្រង់ ១២.៩ អីុញ នៅលើហាងអនឡាញរបស់ក្រុមហ៊ុន Apple និងគេហទំព័រពាក់ព័ន្ធរបស់ក្រុមហ៊ុនភាគច្រើនផ្សេងទៀត ដែលឃើញបើកឱ្យមានការបញ្ជាទិញនៅថ្ងៃទី ៤ មេសា។ ក្នុងនោះដែរ វាក៏បើកឱ្យមានការជ្រើសរើសពណ៌ ទំហំផ្ទុកទិន្នន័យ និងជម្រើសប្រភេទដាក់ស៊ីមកាត និងមិនដាក់ ព្រមទាំងដាក់ថា វាប្រើពេលពីរបីសប្តាហ៍សម្រាប់ការដឹកជញ្ជូន។

ការអះអាងនេះ ក៏ស្របជាមួយថ្ងៃបរិច្ឆេទសម្ពោធដាក់ឱ្យប្រើប្រាស់ Apple Park ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅដើមខែមេសា ខាងមុខ ហើយវានឹងផ្តល់ឱកាសដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុនប្រារព្ធពិធីឡើងទីស្នាក់ការកណ្តាលដ៏ធំមហិមារបស់ខ្លួនជាមួយ iPad Pro ស៊េរីថ្មី។

កន្លងមកថ្មីៗនេះដែរ យោងតាមរបាយការណ៍ពី Apple World Today ប្រធានក្រុមហ៊ុន Apple គឺលោក Tim Cook បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍បើកសម្ពោធផលិតផលរបស់ខ្លួននៅឯ 1 Infinite Loop ក្នុងទីស្នាក់កាលកណ្តាលបច្ចុប្បន្ន គឺជាលើកចុងក្រោយហើយ។ ម្លោះហើយ ព្រឹត្តិការណ៍បន្ទាប់របស់ Apple ត្រូវគេជឿថា នឹងរៀបចំនៅឯទីតាំងថ្មីមួយ ហើយទីតាំងថ្មីនោះ ប្រាកដជានៅ Apple Park ជាមិនខាន។

គួរបញ្ជាក់ថា Apple ត្រូវបានគេរាយការណ៍មកថា នឹងបើកបង្ហាញ​ iPad ស៊េរីថ្មី ៣ ម៉ូឌែល ដែលរួមមាន iPad Pro អេក្រង់ ១២.៩ អីុញ និង iPad Pro អេក្រង់ ១០.៥ អីុញ និង iPad mini អេក្រង់ ៧.៩ អីុញ សម្រាប់ឆ្នាំ ២០១៧ នេះ៕

ប្រភពព័ត៌មានៈ appleworld.today

មតិយោបល់