ព័ត៌មានបច្ចេកវិទ្យា

Galaxy S8 ត្រូវតែមាន ៥ ចំណុចនេះមែន ទើបអាចឈ្នះចិត្តអ្នកគាំទ្រ iPhone បាន!

ជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុន Samsung និង Apple គឺជាគូប្រណាំងប្រជែងប្រទាញប្រទុងគ្នាបំផុតក្នុងទីផ្សារទូរសព្ទចល័តពិភពលោក។ ជាអកុសលនៅឆ្នាំមុននេះ ខាងក្រុមហ៊ុនកូរ៉េ បានផុងខ្លួនក្នុងវិបត្តិថ្មដ៏ធ្ងន់ធ្ងរ រហូតដល់បង្ខំចិត្តប្រមូល Note 7 រាប់លានគ្រឿងមកវិញ។

ទោះយ៉ាងណា បរាជ័យគឺជាមេរៀន មេរៀនគឺជាបទពិសោធន៍ដែលនឹងនាំមកនូវការផ្លាស់ប្តូរឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ ហើយ Galaxy S8​/ S8+ ដែលត្រៀមបើកបង្ហាញជាផ្លូវការនៅថ្ងៃទី ២៩ មីនា ខាងមុខ ក្នុងព្រឹត្តិការណ៍មួយ នាទីក្រុងញូយ៉ក ត្រូវបានគេមើលឃើញថា នឹងជាភស្តុតាងសរបញ្ជាក់អំពីការផ្លាស់ប្តូរនេះ។

ពោលគឺ ម៉ូឌែលទាំងពីរត្រូវបានគេទម្លាយឱ្យឃើញយ៉ាងច្បាស់ក្រឡែតថា ពាំនាំមកជាមួយលក្ខណៈសម្បត្តិថ្មីៗដ៏វិសេសវិសាលជាច្រើន។ ក្នុងនោះ ក្រុមអ្នកតាមដានមើលឃើញ និងអះអាងថា S8 និង S8+ បើភ្ជាប់មកជាមួយលក្ខណៈសម្បត្តិ ៥ ចំណុច ដែលដូចព័ត៌មានចចាអារ៉ាមមែននោះ វានឹងទាក់ចិត្តអ្នកគាំទ្រ iPhone ឱ្យឈប់រងចាំរហូតដល់ជំនាន់ថ្មីរបស់វាចេញនៅខែកញ្ញា ជាមិនខាន។ ចំពោះលក្ខណៈសម្បត្តិទាំង ៥ នោះគឺរួមមាន៖

– គែមអេក្រង់កោងលាតសន្ធឹងស្ទើគ្មានស៊ុម

នេះគឺជាចំណុចទាក់ទាញខ្លាំងបំផុតរបស់ Galaxy S8 និង S8+ ដែលត្រូវបានគេទម្លាយឱ្យដឹង និងឃើញយ៉ាងច្បាស់ថា បំពាក់អេក្រង់កោងត្រង់គែមសងខាង និងលាតសន្ធឹងស្ទើតែគ្មានស៊ុម គឺរហូតស្មើ 93% នៃផ្ទៃទូរសព្ទ។ បន្ថែមពីនេះ វាត្រូវបានបង្កើនខ្នាតបញ្ចាំងរូបភាពលើអេក្រង់រហូតដល់ ២៩៦០ x ២៤០០ ភិចសែល​ (WQHD+) និងមានទំហំអេក្រង់ធំជាង Galaxy S7 និង S7 Edge ០.៧ អីុញ។

បន្ថែមពីនេះ យោងតាមកាសែត The Investor របស់កូរ៉េខាងត្បូង ចេញផ្សាយជាភាសាអង់គ្លេស បានឱ្យដឹងថា អេក្រង់ប្រភេទ OLED របស់ S8/ S8+ នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យារំញោចថ្មី មានសមត្ថភាពដូចជាអេក្រង់ 3D Touch និង Force Touch អីចឹងដែរ។

– បន្ទះស្គេនក្រយៅនៅខាងក្រោយ

បន្ទាប់ពីព័ត៌មានច្បាស់ការជាបន្តបន្ទាប់បានបង្ហាញថា Galaxy S8 និង S8+ គ្មានប៊ូតុងចុច Home ដូច្នេះ បន្ទះស្គេនក្រយៅដៃត្រូវតែឋិតនៅទីតាំងផ្សេង។ យោងតាមព័ត៌មានបែកធ្លាយកាលពីពីរបីខែមុនបានអះអាងថា Samsung ជោគជ័យក្នុងការច្របាច់បញ្ចូលបន្ទះស្គេនក្រយៅដៃរបស់ខ្លួនជាមួយផ្ទៃអេក្រង់ទូរសព្ទ ប៉ុន្តែ ព័ត៌មាននេះគឺផ្ទុយពីរូបភាពបែកធ្លាយថ្មីៗ ទាំងនៅលើគេហទំព័រ BGR ដែលបង្ហាញយ៉ាងច្បាស់ថា វាគឺឋិតនៅខ្នងទូរសព្ទក្បែរកាមេរ៉ា។ ការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការផ្តិតក្រយៅដៃរបស់ខ្លួន ដើម្បីបើកសោចូលទៅកាន់កម្មវិធីផ្សេងៗរបស់ទូរសព្ទ។

– អាចប្រើភ្ជាប់ជាមួយអេក្រង់កុំព្យូទ័រ និងប្រើបានកាន់តែដូចកុំព្យូទ័រ

យោងតាមប្រភពព័ត៌មានមួយនៅលើគេហទំព័រ All About Windows Phone ទូរសព្ទ Galaxy ត្រកូល S ជំនាន់ទី ៨ នេះ នឹងអាចភ្ជាប់ជាមួយអេក្រង់កុំព្យូទ័រ​ និងអាចប្រើបានកាន់តែដូចជាកុំព្យូទ័រ PC បាន។ ម្យ៉ាងទៀត វាក៏អាចឱ្យអ្នកប្រើប្រាស់បើកកម្មវិធីច្រើនរួមគ្នាផងដែរ ដែលនេះ គឺស្រដៀងមុខងារ Continuum របស់ Microsoft ដែលអនុញ្ញាតឱ្យស្មាតហ្វូនច្រើនអាចប្រើភ្ជាប់ជាមួយអេក្រង់កុំព្យូទ័រតែមួយ។

– មានជំនួយការសំឡេងឌីជីថលថ្មី

ក្រុមហ៊ុន Samsung កាលពីឆ្នាំមុន បានប្រកាសទិញយកបច្ចេកវិទ្យា Viv ពីក្រុមហ៊ុនបង្កើតជំនួយការសំឡេងឌីជីថល Siri ដែលបានយកទៅបំពាក់ឱ្យផលិតផលក្រុមហ៊ុន Apple ចាប់ពីឆ្នាំ ២០១២។ នេះសរបញ្ជាក់ថា ស្មាតហ្វូនជំនាន់បន្ទាប់ Samsung ថ្មី នឹងភ្ជាប់មកជាមួយជំនួយការដែលមានមុខងារជាច្រើនដូចជា Siri ហើយវានឹងមានឈ្មោះថា Bixby។

– បច្ចេកវិទ្យាស្គេនប្រស្រីភ្នែក

ទូរសព្ទដែលគ្រោងនឹងប្រកាសចេញនៅចុងខែមីនានេះ ក៏ត្រូវបានគេរំពឹងថា នឹងបំពាក់បច្ចេកវិទ្យាស្គេនប្រស្រីភ្នែក ដែលវាត្រូវបានបំពាក់លើកដំបូងលើ Galaxy Note 7 ក្នុងឆ្នាំ ២០១៦។ ម្យ៉ាងទៀត Samsung បាននិយាយហើយថា បញ្ហាផ្ទុះឆេះរបស់ Note 7 គឺគ្មានអ្វីពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាសុវត្ថិភាពដ៏រឹងមាំនេះសោះឡើយ៕

មតិយោបល់