ព័ត៌មានបច្ចេកវិទ្យា

ញាក់សាច់! Ferrari ម៉ាគ្រឿងនេះ ថ្លៃជាងវិឡាស្រុកខ្មែរទៀត តែលក់ដាច់អស់ ទាំងគ្រប់គ្នាមិនទាន់បានឃើញ

រថយន្ត Ferrari ម៉ូឌែល 812 Superfast ដែលទើបបានតាំងបង្ហាញនៅឯពិព័រណ៍រថយន្តក្រុងហ្សឺណែវ ឆ្នាំ ២០១៧ និងមានតម្លៃរហូតដល់ទៅជាង ៣ សែនដុល្លារ ថ្លៃជាងវិឡាដ៏ប្រណិតមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានលក់ដាច់អស់ ទាំងពិភពលោកមិនទាន់បានឃើញ។

វាជារថយន្តម៉ូឌែលស្ព័រដែលមានល្បឿនលឿនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរថយន្តរបស់ក្រុមហ៊ុននៃប្រទេសអ៉ីតាលីមួយនេះ ហើយមុនពេលដាក់តាំងបង្ហាញឱ្យពិភពលោកបានឃើញនៅឯពិព័រណ៍រថយន្តអន្តរជាតិក្រុងហ្សឺណែវ នៅថ្ងៃអង្គារ៍ សប្តាហ៍នេះ វាត្រូវបានគេកម្ម៉ង់ទិញអស់បាត់ទៅហើយ។ ដូច្នេះ សម្រាប់អ្នកដែលពេញចិត្តពីប្រណិតភាព និងសមត្ថភាពដ៏អស្ចារ្យរបស់វា ក៏មិនអាចទិញបានដែរ ដោយសារតែចំនួនផលិតមានកំណត់។

រថយន្ត Ferrari 812 Superfast ត្រូវបានបំពាក់ជាមួយម៉ាស៊ីន ១២ ស៊ីឡាំង កម្លាំង ៨០០ សេះ អាចបង្កើនសន្ទុះល្បឿនពី ០ ទៅ ១០០ គឺឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹមតែ ២.៩ វិនាទី ប៉ុណ្ណោះ ហើយវាមានល្បឿនអតិបរមា ៣៣៩ គីឡូម៉ែត្រ/ម៉ោង ដែលជាកម្រិតល្បឿនមួយខ្ពស់បំផុតមិនធ្លាប់មានពីមុន ក្នុងចំណោមផលិតផលរថយន្តម៉ាក Ferrari។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Sergio Marchionne បានថ្លែងថា រថយន្តម៉ូឌែលថ្មីនេះ បានលក់ដាច់អស់បាត់ទៅហើយ ក្នុងឆ្នាំ ២០១៧ នេះ ជាមួយតម្លៃក្នុងមួយគ្រឿង ៣០៨,០០០​ ដុល្លារ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តប្រណិតបែបស្ព័រ និងមានកម្លាំងមហាសាលនេះ មានគោលការណ៍ផលិតចេញរថយន្តក្នុងចំនួនកំណត់មួយ ពោលគឺ “បរិមាណផលិតផល ត្រូវតែតិចជាងត្រូវការ”។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការរបស់អតិថិជន ដោយសារតែចង់រក្សាតិត្តិនាម និងភាពផ្តាច់មុខនៃម៉ាកសញ្ញារបស់ខ្លួន៕

ប្រភពព័ត៌មានៈ chicagotribune

មតិយោបល់