លោកអ្នកមួយចំនួនប្រហែលជាមិនធ្លាប់បានស្គាល់នោះឡើយនូវឧបករណ៍ចាក់ចម្រៀង Mp3 ដ៏ពេញនិយម iPod របស់ក្រុមហ៊ុន Apple កាលពីជាង ១០ ឆ្នាំមុន។ ហើយលោកអ្នកក៏លែងបានឃើញតទៅទៀតដែរ ព្រោះក្រុមហ៊ុនទើបបានបញ្ចប់ជីវិតរបស់វាយ៉ាងស្ងៀមស្ងាត់បំផុត។
ថ្មីៗនេះ ក្រុមហ៊ុន Apple បានដកចេញផលិតផល iPod ស៊េរីចុងក្រោយ ទាំងពីរ ម៉ូឌែលគឺ Shuffle និង Nano ចេញពីគេហទំព័រផ្លូវការរបស់ខ្លួនដោយគ្មានការប្រកាសឱ្យដឹងជាមុន។ តែទោះយ៉ាងណា បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនម្នាក់បានគូសបញ្ជាក់ប្រាប់គេហទំព័រ TechCrunch ថា ការព្យាយាមសង្គ្រោះជីវិត iPod មិនឱ្យផុតរលត់ គឺបានដល់វិនាទីចុងក្រោយហើយ។
អ្នកនាំពាក្យដដែលបាននិយាយថា អាជីវកម្មលើឧបករណ៍ចាក់ចម្រៀង iPod កាន់តែធ្លាក់ចុះទាប ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ ពោលគឺ ការលក់របស់វាទទួលបានប្រាក់ចំណេញតិចតួចណាស់ បើធៀបជាមួយការលក់ទូរសព្ទ iPhone ម៉ូឌែលថ្មី។
គួរបញ្ជាក់ថា មុនពេលដកផលិតផល iPod ចេញពីគេហទំព័រ apple.com ចេញទាំងស្រុង គឺវាដែលត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ១៩៩ ដុល្លារ ជាមួយការបន្ថែមទំហំផ្ទុកបទចម្រៀងទ្វេដង។ ប៉ុន្តែ វានៅតែមិនមានការចាប់អារម្មណ៍ ដោយសារតែអតិថិជនគោលដៅ គឺមានតែអ្នកចង់ប្រើវានៅពេលហាត់កីឡាប៉ុណ្ណោះ។
ម្យ៉ាងទៀត ក្រុមហ៊ុន Apple ក្តី សុទ្ធតែមានឧបករណ៍បំពាក់ជាប់ខ្លួន ដូចជា Apple Watch សម្រាប់ប្រើក្នុងពេលកំពុងហាត់ប្រាណទៅហើយ ហើយវាមានសមត្ថភាពវៃឆ្លាតអាចជួយតាមដាន និងកត់ត្រាសកម្មភាពកីឡាផ្សេងៗរបស់អ្នកប្រើប្រាស់ទៀតផង។
ដូច្នេះ ចង់មិនចង់ក្រុមហ៊ុនត្រូវតែបោះបង់នូវអ្វីដែលហួសសម័យ លែងមានអ្នកត្រូវការ ហើយឈោងចាប់នូវអ្វីដែលថ្មី ដូចជា Smart Watch ជាដើមវិញគឺជាការប្រសើរជាង៕
ប្រភពព័ត៌មានៈ bgr
មតិយោបល់