ព័ត៌មានបច្ចេកវិទ្យា

ប្រាក់ចំណូល Microsoft ពីការលក់ស្មាតហ្វូននៅត្រីមាសចុងខែមិថុនា ធ្លាក់ចុះ ៧០% បើធៀបដើមឆ្នាំ

អាមេរិក៖ ក្រុមហ៊ុន Microsoft ដែលត្រូវបានគេ​ដឹងថា ជាអ្នកទទួលថ្មបាក់ពីក្រុមហ៊ុន Nokia ទៅលើ​ការទិញ​អាជីវកម្ម​ទូរស័ព្ទចល័ត នៅថ្ងៃនេះ បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីចុងខែមិថុនា ​កើនឡើងខុសពីការរំពឹងទុក​ ប៉ុន្តែ​សម្រាប់​ការលក់​ស្មាតហ្វូន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

នៅក្នុងត្រីមាសចុងខែមិថុនា ក្រុមហ៊ុន Microsoft ទទួលបានប្រាក់​ចំណូលសរុប ២០,៦ពាន់លានដុល្លារ​អាមេរិក ក្នុងនោះ​ប្រាក់ចំណូលសុទ្ធ​មានចំណូល ៣,១ពាន់លានដុល្លារអាមេរិក ប៉ុន្តែក្រុមហ៊ុនមួយនេះ មិន​បានបង្ហាញឲ្យដឹងពីប្រាក់ចំណេញឡើយ។

លោក Satya Nadella នាយកប្រតិបត្តិ Microsoft បានឲ្យដឹងថា សម្រាប់ទីផ្សារស្មាតហ្វូនវិញ គឺមាន​ការ​ធ្លាក់ចុះ ៧០% បើធៀបទៅនឹងការលក់ នៅត្រីមាសដើមឆ្នាំ ប៉ុន្តែ​ពេលនេះ ក្រុមហ៊ុនកំពុងតែ​រៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹងទីផ្សារស្មាតហ្វូនឡើងវិញ។

គួរបញ្ជាក់ផងដែរថា Microsoft បានទិញអាជីវកម្មទូរស័ព្ទចល័តពីក្រុមហ៊ុន Nokia កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក​ ខណៈដែល​ Nokia កំពុងជួបទុក្ខក្នុងទីផ្សារមួយនេះ ហើយក្រោយ​ពី Microsoft ទិញមក គឺទីផ្សារមិនបានដំណើរការរលូននោះទេ ផ្ទុយទៅវិញ​មានតែខាត៕

microsoft

មតិយោបល់