ព័ត៌មានបច្ចេកវិទ្យា

YouTube នឹងបញ្ឈប់មុខងារ Annotations ព្រោះថាវាគួរឲ្យរំខានដល់អ្នកមើល

ថ្ងៃនេះ ក្រុមហ៊ុនបណ្តាញសង្គមវីដេអូ YouTube បានប្រកាសផ្លាស់មុខងារ Annotations ចេញជំនួសដោយមុខងារ End Screen និង Cards ថ្មី ដែលជាមុខងារដំបូង ដំណើរការលើស្មាតហ្វូន ហើយពួកវាមានលក្ខណ:ប្រើប្រាស់ស្រដៀងគ្នា។

រាល់ពេលលោកអ្នកចាក់វីដេអូលើ YouTube រួចឃើញប្រអប់អក្សរតូចៗពណ៌ខ្មៅ បង្ហាញពីលើវីដេអូ ប្រៀបដូចជាប៊ូតុងមួយសម្រាប់ឲ្យលោកអ្នកចុចលោតទៅបើកវីដេអូដទៃមួយទៀត នោះហើយគឺជា Annotations វាត្រូវបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០៨ ហើយពេលនោះពិភពលោកយើងពុំទាន់លេចចេញស្មាតហ្វូនច្រើននៅឡើយទេ។

ដោយសារតែមុខងារ Annotations មិនអាចប្រើបាននៅលើស្មាតហ្វូន ហើយអ្នកមើលជាច្រើនក៏បានរកឃើញថា វាគួរឲ្យធុញ និងមិនបានជួយអ្វីទាល់តែសោះ ក្រុមហ៊ុនបណ្តាញសង្គមវីដេអូមួយនេះ បានសម្រេចផ្លាស់ប្តូរមុខងារ Annotations ចេញ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ Annotation មានការប្រើប្រាស់ធ្លាក់ចុះយ៉ាងខ្លាំង​ រហូតដល់ ៧០ ភាគរយ បើធៀបទៅនឹងកាលចេញមកថ្មីថ្មោង។ នេះបើតាមសម្តីរបស់លោក Salem។ ជាការពិតណាស់ ភាគច្រើននៃអ្នកមើល ប្រទះឃើញ Annotations លោតចេញមកភ្លាមតែងតែចុចបិទពួកវាចេញភ្លែត ព្រោះមិនចង់ឲ្យប្រអប់តូចៗទាំងនោះ មកបាំងចំពីមុខវីដេអូ។ ហេតុដូចនេះ បានជាក្រុមហ៊ុន YouTube សម្រេចធ្វើការទាំងស្រុងទៅលើមុខងារ End Screens និង Cards ថ្មីវិញ ដើម្បីធ្វើឲ្យពួកវា ចេញមកកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងដំណើរការបានកាន់តែរហ័ស។

គួរបញ្ជាក់ដែរថា មុខងារ End Screen និង Cards នឹងចេញមកក្នុងថ្ងៃទី ០២ ខែ ឧសភា ខាងមុខនេះ ហើយបច្ចុប្បន្ន Annotations នៅតែអាចមើលឃើញ ចំពោះអ្នកប្រើប្រាស់ YouTube តាមកុំព្យូទ័រ៕

 

ប្រភពព័ត៌មាន៖ theverge.com

មតិយោបល់