ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងបញ្ចប់ជីវិត Note 7 សេសសល់ក្នុងដៃអតិថិជនក្នុងខែនេះ

ខណ:ពេលដែលទូរសព្ទលំដាប់កំពូល Galaxy S8 ត្រៀមនឹងបើកបង្ហាញជាផ្លូវការនៅសប្តាហ៍ក្រោយ ក្រុមហ៊ុន Samsung បានប្រកាសនៅថ្ងៃសុក្រម្សិលមិញថា ខ្លួននឹងបញ្ជាផ្តាច់ការប្រើប្រាស់ Galaxy Note 7 ដែលនៅសេសសល់ក្នុងដៃរបស់អតិថិជនដែលមិនព្រម ឬមិនទាន់ប្រគល់មកក្រុមហ៊ុនវិញ ពីចម្ងាយក្នុងខែមីនានេះ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រក្នុងស្រុកThe Korea Herald.

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួននឹងដាក់ចេញនូវកំណែដោយស្វ័យប្រវត្តិទៅលើទូរសព្ទទាំងនោះ ដើម្បីបញ្ឈប់ដំណើរការប្រើប្រាស់របស់វា និងដើម្បីបង្ខំឱ្យអតិថិជនដែលមិនព្រមប្រគល់ទូរសព្ទ Note 7 ទាំងនោះ ឱ្យប្រគល់វាមកវិញឱ្យខានតែបាន។

យោងតាមរបាយការណ៍ចេញផ្សាយកន្លងមក Samsung កាលពីដើមឆ្នាំ ២០១៧ នេះ បានសម្រេចជោគជ័យក្នុងការប្រមូលទូរសព្ទស៊េរីអេក្រង់ធំ Galaxy Note 7 ដែលមានបញ្ជាថ្មនាំឱ្យផ្ទុះឆេះជាច្រើនករណី ចំនួន ៩៦ ភាគរយ នៅជុំវិញពិភពលោក ក្នុងរយ:ពេល ៣ ខែ។ តែទោះយ៉ាងណា ក៏នៅមានអតិថិជនមួយចំនួនតូចមិនព្រមប្រគល់វាមកវិញផងដែរ ដោយសារពួកគេគិតថា Note 7 របស់ខ្លួន គ្មានបញ្ហាអ្វី ហើយអាចប្រើប្រាស់បានធម្មតា។

ការប្រញាប់ប្រញាល់ធ្វើបែបនេះ គឺក្រុមហ៊ុន Samsung ចង់បិទបញ្ចប់ទំព័រប្រវត្តិសាស្រ្តដ៏ជូរចត់នៃវិបត្តិផ្ទុះឆេះថ្មដ៏កក្រើករំជួយរបស់ខ្លួន ហើយចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តថ្មីដល់អតិថិជនសារជាថ្មីឡើងវិញ តាមរយ: Galaxy S8 ដែលគ្រោងនឹងប្រកាសចេញនៅថ្ងៃទី ២៩ មីនា ក្នុងព្រឹត្តិការណ៍មួយនាទីក្រុងញូយ៉ក៕

ប្រភពព័ត៌មាន: thenextweb

មតិយោបល់