ព័ត៌មានបច្ចេកវិទ្យា

Toyota សហការជាមួយ Microsoft នាំយកបច្ចេកវិទ្យាបញ្ជារថយន្តដោយសំឡេង

ក្រុមហ៊ុន​ Toyota នៅថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានរាយការណ៍មកថា បាននិងកំពុង​ចាប់ដៃគូសហការជាមួយក្រុមហ៊ុន Microsoft ដើម្បីពាំនាំបច្ចេកវិទ្យាគ្រប់គ្រងរថយន្តដោយសំឡេងទៅបំពាក់ឱ្យរថយន្តរបស់ខ្លួន តាមរយ:ការទិញយកនូវកម្មសិទ្ធិបញ្ហាមួយចំនួនពីក្រុមហ៊ុនផលិត Software យក្សរបស់អាមេរិក។

យោងតាមរបាយការណ៍ពីគេហទំព័រ Automotive បានឱ្យដឹងថា Microsoft នឹងចេញអាជ្ញាបណ្ណកម្មសិទ្ធិបញ្ញាមួយចំនួនទៅឱ្យក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន ដែលគ្របដណ្តប់លើបច្ចេកវិទ្យាសម្គាល់សំឡេង គ្រប់គ្រងកាយវិការ បញ្ញាញាណនិម្មិត (AI) និងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ដោយឡែក ក្រុមហ៊ុនមិនបានទម្លាយឱ្យដឹងពីទំហំទឹកប្រាក់ដែលបានចំណាយទៅលើការទិញបណ្ណប៉ាតង់នេះថាអស់ប៉ុន្មាននោះទេ ប៉ុន្តែ វាប្រាកដជាមិនថោកឡើយ។

យោងតាមរបាយការណ៍ដដែល នេះមិនមែនជាលើកទីមួយទេដែល Microsoft និង​ Toyota ចាប់ដៃគូសហការនឹងគ្នា ពោល គឺក្រុមហ៊ុនយក្សទាំងពីរបាននិងកំពុងធ្វើការរួមគ្នានៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តទិន្នន័យរបស់ Toyota តាំងពីឆ្នាំមុនមកម្លេះ ហើយក្រុមការងារនៃក្រុមហ៊ុនទាំងពីរដែលមានឈ្មោះថា Toyota Connected ប្រើប្រាស់ប្រព័ន្ធកម្មវិធី Cloud Computing របស់ Microsoft ដើម្បីបង្កើតនូវសេវាកម្មផ្សេងៗ ដែលផ្តោតសំខាន់ទៅលើការនាំយកបទពិសោធន៍ថ្មីៗដែលអាចបំពេញតាមត្រូវការរបស់អតិថិជនម្នាក់ៗ។

ដោយឡែក Toyota ក៏មិនមែនជាក្រុមហ៊ុនផលិតរថយន្តដំបូងដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Microsoft នោះទេ ពោល គឺក៏មានដែរ ក្រុមហ៊ុន Nissan និង Volvo តាមរយ:ការផ្តល់នូវបច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងៗសម្រាប់យកទៅបំពាក់លើរថយន្តថ្ងៃអនាគតរបស់ក្រុមហ៊ុនទាំងនោះ៕

ប្រភពព័ត៌មាន: newze

មតិយោបល់