ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗនៅអាមេរិកបានរួមគ្នាចេញលិខិតមួយច្បាប់នៅថ្ងៃច័ន្ទនេះ ផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីជំរុញឱ្យរដ្ឋបាលរបស់លោក ព្រមធ្វើការផ្លាស់ប្តូរក្រឹត្យច្បាប់ហាមឃាត់ការធ្វើដំណើររបស់ប្រជាជនមកពីប្រទេសម៉ូស្លីមចំនួន ៧ ចូលក្នុងទឹកដីសហរដ្ឋអាមេរិក ដែលទើបដាក់ចេញនាពេលថ្មីៗនេះ។ នេះបើយោងតាមប្រភពស្និទ្ធនឹងហេតុការថ្លែងឱ្យដឹងនៅថ្ងៃអាទិត្យ។
នៅក្នុងលិខិតដែលនឹងចុះហត្ថលេខារួមគ្នាដោយក្រុមហ៊ុន Apple, Facebook, Google, Twitter, Microsoft និង Yahoo បានសរសេរថាៈ «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយរដ្ឋបាលរបស់លោក កំណត់ឱកាសដទៃផ្សេងទៀត ដើម្បីបើកផ្លូវឱ្យបុគ្គលិករបស់យើងអាចធ្វើដំណើរចេញចូលក្នុងទឹកដីអាមេរិកបានតាមការរំពឹងទុករបស់ពួកគេ និងគ្មានការពន្យាពេលអ្វីឡើយ»។
លិខិតដដែលបានបន្ថែមថា «យើងមានក្តីកង្វល់អំពីផលប៉ះពាល់កើតចេញពីក្រឹត្យរបស់លោក ចំពោះអ្នកកាន់លិខិតឆ្លងដែនជាច្រើនដែលខំប្រឹងប្រែងធ្វើការនៅក្នុងទឹកដីសហរដ្ឋអាមេរិក និងបានចូលរួមក្នុងចំណែកនាំយកនូវភាពជោគជ័យដល់ប្រទេសរបស់យើង…លទ្ធភាពនៃការរីកចម្រើនរបស់ក្រុមហ៊ុនយើង និងការបង្កើតការងារផ្សេងៗ គឺពឹងផ្អែកទៅលើវិភាគទាននៃជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍»។
កាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរ ចៅក្រមសហព័ន្ធមួយរូប ក៏បានចេញមុខបង្កកការអនុវត្តក្រឹត្យច្បាប់របស់លោក Trump ទូទាំងប្រទេស ដែលសកម្មភាពនេះ បាននាំឱ្យមានការរិះគន់ចំៗទៅលើចៅក្រមរូបនោះ និងប្រព័ន្ធតុលាការ ពីសំណាក់លោកប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។
គួរបញ្ជាក់ថា នៅថ្ងៃទី ២៧ មករា លោក Trump បានចេញក្រឹត្យច្បាប់មួយហាមប្រាមប្រជាជនមកពីប្រទេសអាស៊ីបូព៌ាចំនួនប្រាំពីរ ដែលរួមមាន អីរ៉ង់, អីរ៉ាក់, លីបី, សូម៉ាលី, ស៊ូដង់, ស៊ីរី និងយេម៉ែន មិនឱ្យចូលទឹកដីអាមេរិករយៈពេល ៩០ ថ្ងៃ និង ១២០ ថ្ងៃ សម្រាប់ជនភៀសសឹកគ្រប់ជាតិសាសន៍ ហើយក្រឹត្យនោះ បានបង្កឱ្យមានការផ្ទុះការតវ៉ាប្រឆាំងទូទាំងប្រទេស និងភាពច្របូកច្របល់នៅតាមព្រលានយន្តហោះផ្សេងៗ បន្ទាប់ពីអាជ្ញាធររារាំងអ្នកដំណើរមួយចំនួននៅឯព្រលានក្នុងប្រទេស និងអ្នកដំណើរបរទេសមួយចំនួនផ្សេងទៀត មិនឱ្យចូលក្នុងទឹកដីអាមេរិក៕
ប្រភពព័ត៌មានៈ reuters
មតិយោបល់