ព័ត៌មានបច្ចេកវិទ្យា

ឆ្ងល់អត់? រូប Profile មិត្តភក្តិមួយជួរលេចឡើងខាងលើទំព័រ Facebook លោកអ្នក!

លោកអ្នកភាគច្រើនប្រហែលជាឆ្ងល់ហើយថា តើរូប Profile របស់មិត្តភក្តិរាងមូលៗដែលស្រាប់តែលេចចេញនៅខាងលើផ្ទាំងកម្មវិធី Facebook នោះគឺជាអ្វី? ចុះវាបង្កើតឡើងដើម្បីអ្វី? ហើយត្រូវប្រើយ៉ាងម៉េច?

តាមពិតទៅ នោះគឺជាមុខងារធំបំផុតថ្មីមួយ ដែល Facebook ទើបដាក់ចេញឱ្យប្រើប្រាស់ជាសកលក្រោយ​ពីបានឆ្លងការសាកល្បងនៅតាមតំបន់មួយចំនួនរួច ហើយវាក៏បង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយបណ្តាញសង្គម Snapchat ផងដែរ។

មុខងារនេះ មានឈ្មោះថា Facebook Stories ស្រដៀងទៅនឹងមុខងារ Stories ដ៏ពេញនិយមនៅលើកម្មវិធីបណ្តាញសង្គម Snapchat អីចឹងដែរ ពោល វាអនុញ្ញាតឱ្យលោកអ្នកបង្កើតរឿងរ៉ាវផ្ទាល់ខ្លួនតាមរយ:ការថតរូបភាព ឬវីដេអូឃ្លិបខ្លីៗ (អាចថតបានត្រឹម ២០ វិនាទី) ដោយប្រើកម្មវិធីកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Facebook សម្រាប់ទុកមើល បង្ហោះលើទំព័រ Facebook របស់ខ្លួន ឬចែកបញ្ជូនទៅកាន់មិត្តភក្តិ (Friend) ផ្សេងៗបានភ្លាមៗ។

កម្មវិធីកាមេរ៉ាថ្មីនេះ ត្រូវបានភ្ជាប់មកជាមួយមុខងារកែកុន និងតុបតែងរូបភាព-វីដេអូជាច្រើន និងយ៉ាងសម្បូរបែប ដែលជួយធ្វើឱ្យរូបថត និងវីដេអូរបស់លោកអ្នក​ មើលទៅមានលក្ខណ:ប្លែកៗ ឬកំប្លុកកំប្លែង ទៅតាមចំណង់ចំណូលចិត្ត។

ចំពោះរបៀបប្រើប្រាស់វិញ គឺមានភាពងាយស្រួលបំផុត ដោយ: នៅពេលដែលលោកអ្នកថតរូបភាព-វីដេអូសម្រាប់បង្ហោះចេញ ឬផ្ញើទៅកាន់មិត្តភក្តិ លោកអ្នកគ្រាន់តែចុចលើប៊ូតុង Direct (រូបយន្តហោះក្រដាស) រួចចុចលើប៊ូតុង Send Photo/Video បន្ទាប់មកចុចលើប៊ូតុងថត (ចុចប៉ះម្តងសម្រាប់ការថតរូបសន្លឹក ឬចុចជាប់សម្រាប់ការថតវីដេអូ)

បន្ទាប់មក ចុចលើប៊ូតុងសញ្ញា ‘>’ រួចធ្វើការកែកុនតាមមុខងារ ឬឧបករណ៍កែកុនផ្សេងៗនៅក្នុងនោះ បន្ទាប់មកទៀត ចុចលើ Post ដើម្បីបង្ហោះវាដាក់លើ New Feed របស់លោកអ្នក ឬចុចជ្រើសរើសឈ្មោះ Friend មួយ ឬច្រើនដើម្បីផ្ញើទៅកាន់ពួកគេបានតាមចិត្ត។

សូមបញ្ជាក់ថា: ដើម្បីចូលទៅកាន់កម្មវិធីកាមេរ៉ានេះ លោកអ្នកក៏អាចអូសផ្ទាំងកម្មវិធី Facebook ទៅខាងស្តាំដៃបានផងដែរ ហើយលោកអ្នកក៏អាចចូលមើលរឿងរ៉ាវរបស់មិត្តភក្តិនីមួយៗបាន ដោយគ្រាន់តែចុចលើរូប Profile របស់ពួកគេនៅខាងលើនោះប៉ុណ្ណោះ៕

 

មតិយោបល់