ព័ត៌មានបច្ចេកវិទ្យា

Nokia 6 ពណ៌សដ៏ទាក់ចិត្ត ទំនងជាត្រូវចេញលក់នៅចិនមុនគេ

ស្មាតហ្វូនយីហោ Nokia ដំបូងគេបង្អស់ ដែលបានចេញលក់ដោយក្រុមហ៊ុន HMD Global នៅតែផ្តល់អថិភាពឲ្យប្រទេសចិន។ យ៉ាងណាក្តី ក្រុមហ៊ុនក៏បានទទួលស្គាល់ដែរថា Nokia 6 រួចរាល់អស់ហើយ សម្រាប់ការចែកចាយទូទាំងសាកលលោក នៅក្នុងខែ ឧសភា ឬ មិថុនា ខាងមុខនេះ។

បច្ចុប្បន្ន គ្រប់ទូរស័ព្ទដៃ Nokia 6 ដែលបាននឹងកំពុងដាក់លក់ សុទ្ធតែជាពណ៌ខ្មៅទាំងអស់។ ដោយឡែក ក្រុមហ៊ុនចែកចាយមួយនៅចិន JD.com ឥឡូវនេះ កំពុងដាក់តាំង Nokia 6 ពណ៌ស និងអះអាងថា វានឹងមានលក់នៅថ្ងៃទី ១១ ក្នុងខែនេះហើយ។

ដូចដែរយើងបានដឹងហើយថា Nokia 6 មានតម្លៃខ្ទង់ ២២០ ដុល្លារ ប៉ុន្តែក្រុមហ៊ុន HMD បានប្រកាសថា ម៉ូឌែលសម្រាប់លក់ចេញទៅក្រៅប្រទេសនឹងមានតម្លៃ ២៤៥ ដុល្លារ ខណ:ដែលម៉ូឌែលពិសេសជាងគេហៅថា Nokia 6 Arte Black មានតម្លៃ ៣២០ ដុល្លារ។

គួរបញ្ជាក់ថា Nokia 6 ពណ៌ស នៅមិនទាន់បានទទួលស្គាល់ពីក្រុមហ៊ុនថា នឹងចែកចាយតាមបណ្តាប្រទេសផ្សេងៗឬក៏អត់នៅឡើយទេ។ ប៉ុន្តែ បើសិនជាអាច នោះពិតជាជម្រើសពណ៌ដ៏ប្រសើរមួយសម្រាប់អតិថិជន៕

ប្រភព៖ phonearena.com

មតិយោបល់