Post News Media ព័ត៌មានបច្ចេកវិទ្យា RAM ជំនាន់បន្...

RAM ជំនាន់បន្ទាប់របស់កុំព្យូទ័រ នឹងមានល្បឿនទ្វេគុណ

RAM ឬហៅថាអង្គចងចាំបណ្តោះអាសន្ន ជំនាន់បន្ទាប់ DDR5 សម្រាប់បំពាក់លើម៉ាស៊ីនកុំព្យូទ័រ នឹងមានល្បឿនគុណនឹងពីរ ធៀបទៅនឹង RAM DDR4 ជំនាន់បច្ចុប្បន្ន។ នេះបើយោងតាមអង្គការកំណត់ស្តង់ដារអង្គចងចាំកុំព្យូទ័រ JEDEC គូសបញ្ជាក់ប្រាប់សារព័ត៌មាន Ars Technica។

អង្គការ JEDEC បានប្រកាសថា ខ្លួននឹងធ្វើការសម្រេចបិទបញ្ចប់ការកំណត់ស្តង់ដា DDR5 នៅពេលណាមួយក្នុងឆ្នាំ ២០១៨ ហើយបាននិយាយថា RAM ជំនាន់បន្ទាប់នេះ នឹងមានសមត្ថភាពក្នុងការបញ្ជូនចេញ និងទទួលផ្ទុកទិន្នន័យក្នុងល្បឿនមួយខ្ពស់ជាង RAM DDR4 ដល់ទៅពីរដង ព្រមជាមួយការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាពផងដែរ។

ថ្វីត្បិតតែស្តង់ដា DDR5 នឹងប្រកាសចេញជាផ្លូវការនៅឆ្នាំក្រោយក្តី ប៉ុន្តែ វាទំនងជាមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការផលិតចេញនៅឡើយទេ រហូតដល់មុនឆ្នាំ ២០២០។

DDR4 ដែលជា RAM ជំនាន់ចុងក្រោយគេ នាពេលបច្ចុប្បន្ន ត្រូវបានគេសម្រេចសម្រួចស្តង់ដារបស់វាក្នុងឆ្នាំ ២០១២ ប៉ុន្តែ រហូតដល់ឆ្នាំ ២០១៥ ទើបវាត្រូវបានផលិតចេញ និងដាក់លក់នៅលើទីផ្សារ ដោយសារតែអង្គប្រតិបត្តិ និងប្រព័ន្ធ Soc របស់បន្ទះឈីបផ្សេងៗ ត្រូវការពេលធ្វើបច្ចុប្បន្នភាពដើម្បីឱ្យអាចគាំទ្រជាមួយវាបាន។

ទោះយ៉ាងណា គេសង្ឃឹមថា DDR5 នឹងអាចទៅដល់ដៃអ្នកប្រើប្រាស់មុនបំណាច់ឆ្នាំ ២០២០ មិនយូរដូចជា DDR4 នោះទេ៕

ប្រភពព័ត៌មាន: theverge