ព័ត៌មានបច្ចេកវិទ្យា

Nikon ប្រកាសចេញម៉ាស៊ីនថត D5 និង D500 ជំនាន់ពិសេស អបអរខួប ១០០ ឆ្នាំ

ក្រុមហ៊ុនផលិតម៉ាស៊ីនថតម៉ាក Nikon បានប្រកាសចេញផលិតកាមេរ៉ាម៉ូឌែល D5 និង D500 ជំនាន់ពិសេស រចនាឡើងសម្រាប់ត្រៀមអបអរខួបគម្រប ១០០ ឆ្នាំ នៃកំណើតក្រុមហ៊ុនរបស់ខ្លួន នៅថ្ងៃទី ២៥ កក្កដា ខាងមុននេះ។

Nikon D5 និង D500 ជំនាន់ពិសេសទាំងពីរនេះ មិនបានផ្លាស់ប្តូរសមាសធាតុផ្សំផ្នែកខាងក្នុងនោះទេ ប៉ុន្តែ ផ្នែកខាងក្រៅវិញ គឺត្រូវបានរចនាស្រោបដោយលោហ:ពណ៌ប្រផេះ និងឡូហ្គូថ្មីបន្ថែម សម្រាប់បង្ហាញពីភាពច្នៃប្រឌិត និងភាពជឿទុកចិត្ត ជាមួយភាពទាក់ទាញដ៏អស្ចារ្យ។

នៅផ្នែកម្ខាងនៃក្បាលកាមេរ៉ា និងខ្សែស្បែករបស់វា ត្រូវបានរចនារំលេចដោយឡូហ្គូខួប ១០០ ឆ្នាំ។ នៅផ្នែកខាងក្រោមកាមេរ៉ា ត្រូវបានឆ្លាក់ពាក្យថា ‘NIKON-CONTRIBUTING TO MANNED SPACE FLIGHT SINCE 1971’ ខណ:ដែលតួកាមេរ៉ាក៏មានភ្ជាប់ឡូហ្គូដូចគ្នាផងដែរ។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្តូរពណ៌កាណុងប្រភេទ 14-24 មីល្លីម៉ែត្រ 24-70 មីល្លីម៉ែត្រ និង 70-200 មីល្លីម៉ែត្រ ឱ្យទៅជាពណ៌ប្រផេះ និងមានរំលេចឡូហ្គូដូចគ្នាផងដែរ។

យ៉ាងណាក៏ដោយ សម្រាបតម្លៃ និងកាលបរិច្ឆេទចេញលក់ មិនទាន់ត្រូវបានប្រកាសឱ្យដឹងនោះទេ៕

ប្រភពព័ត៌មាន: techradar

 

មតិយោបល់