ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនថ្មីមួយ គ្រោងនាំយកយន្តហោះអគ្គិសនី ដឹកអ្នកដំណើរលើដែនអាកាសសហរដ្ឋអាមេរិក

នាពេលអនាគត ជើងហោះហើរសម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក នឹងដើរដោយថាមពលអគ្គិសនី ហើយយ៉ាងហោចណាស់ក៏ ម៉ាស៊ីនកូនកាត់ Hybrid (ប្រេងសាំង និងអគ្គិសនី)។

ក្រុមហ៊ុន Zunum Aero បានប្រកាសគម្រោងការដ៏មុះមុតមួយថា នឹងយកយន្តហោះអគ្គិសនីបំពាក់ម៉ាស៊ីន Hybrid ហោះហើរទៅកាន់សហរដ្ឋអាមេរិកលក្ខណ:ទ្រង់ទ្រាយធំ។

ក្រុមហ៊ុននេះ បាននិងកំពុងធ្វើប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ប្រព័ន្ធរ៉ាដាអស់រយ:ពេល ៣ ឆ្នាំកន្លងមកហើយ និងបានបង្កើតជាប៉ាតង់មួយចំនួនសម្រាប់តម្កល់ទុកផងដែរ។ Zunum ក៏មានការជួយជ្រោមជ្រែងពីក្រុមហ៊ុនធំៗពីរ ក្នុងឧស្សាហកម្មអាកាសចរណ៍ គឺ Boeing និង JetBlue ទៀតផង។

ក្រុមហ៊ុន គ្រោងនឹងផលិតយន្តហោះអគ្គិសនី Hybrid ដាក់បាន ១០ កៅអី ដែលអាចហោះហើរបានចម្ងាយ ១១២៦ គីឡូម៉ែត្រ នាដើមឆ្នាំ ២០២០ រួមទាំងព្យាយាមបង្កើនថាមពលអាគុយ ដើម្បីអាចហោះបានចម្ងាយរហូតដល់ ១៦០៩ គីឡូម៉ែត្រ ជាមួយកៅអីចំនួន ១៥ នៅក្នុងឆ្នាំ ២០៣០។ យន្តហោះប្រភេទនេះ នឹងអាចបង្កើតតម្រាយផ្លូវថ្មី ជួយកាត់បន្ថយការចំណាយ និងទៅដល់គោលដៅកាន់តែឆាប់រហ័ស តាមរយ:គុណប្រយោជន៍របស់ម៉ាស៊ីនកូនកាត់ Hybrid។

យន្តហោះកូនកាត់ដែលគ្រោងនឹងចេញនេះ គឺគ្រាន់តែជាផ្នែកមួយនៃគ្រោងការរបស់ក្រុមហ៊ុន បង្កើតឡើងសម្រាប់ដឹកអ្នកដំណើរក្នុងស្រុកប៉ុណ្ណោះ។ ហើយពួកគេ នឹងទាញយកប្រយោជន៍ពីប្រទេសដែលមានចំនួនអាកាសយាន្តដ្ឋានតូចៗច្រើន ដោយបង្កើតប្រព័ន្ធស្វែងរកផ្លូវកាត់ថ្មីមួយក្នុងតំបន់។

យោងតាមសម្តីស្ថាបនិករបស់ក្រុមហ៊ុន គឺលោក Ashish Kumar បានថ្លែងថា ដំណើរការនៃម៉ាស៊ីន Hybrid គឺជាដំណោះស្រាយមួយសម្រាប់វិស័យឧស្សាហកម្ម ដែលធ្វើឲ្យការចំណាយប្រតិបត្តិការកាន់តែទាបជាងយន្តហោះផ្សេងៗ បើតាមការប៉ាន់ប្រមាណ ការចំណាយអាចថយចុះចំនួន ៤០ ទៅ ៨០ ភាគរយ បើធៀបនឹងថ្លៃចំណាយរបស់យន្តហោះនាពេលបច្ចុប្បន្ន។

Zunum ចាំបាច់នឹងត្រូវស្វែងរកច្រកផ្លូវអាកាសទៀងទាត់មួយ សម្រាប់ការចេញដំណើរនៃជើងយន្តហោះរបស់ខ្លួន ហើយក្រុមហ៊ុនអះអាងថា ពួកគេបានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមូតជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ តាំងពីឆ្នាំ ២០១៤ ដើម្បីស្នើសុំវិញ្ញាបនបត្រស្តង់ដាផ្លូវការមួយសម្រាប់យន្តហោះអគ្គិសនីរបស់ខ្លួន។

ប្រព័ន្ធយន្តហោះអគ្គិសនី Hybrid និងគម្រោងការដទៃទៀតរបស់ក្រុមហ៊ុន Zunum គឺដូចគ្នាទៅនឹង យន្តហោះដឹកអ្នកដំណើរកំពូលលឿនរបស់ក្រុមហ៊ុន Boom ដែលអាចនឹងផ្លាស់ប្តូរដ៏ធំលើមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស៕

ប្រភព: mashable.com

មតិយោបល់