បណ្តាញសង្គមវីដេអូ YouTube នៅថ្ងៃនេះ បានចាប់ផ្តើមដាក់ចេញនូវមុខងារថតវីដេអូផ្សាយផ្ទាល់នៅលើកម្មវិធីទូរសព្ទចល័តរបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ទាំងឡាយណាដែលមានអ្នកគាំទ្រ (Subscriber) យ៉ាងហោចណាស់ ១០,០០០ នាក់ឡើង។
ការដាក់ចេញនូវមុខងារថ្មីនេះ គឺបានបង្ហាញពីការបោះជំហានគួរឱ្យកត់សម្គាល់មួយផ្សេងទៀតរបស់បណ្តាញវីដេអូយក្សរបស់ក្រុមហ៊ុន Google ដើម្បីប្រជែងជាមួយមុខងារថតវីដេអូផ្សាយផ្ទាល់នៅលើបណ្តាញសង្គម Facebook ហើយវាធ្វើឡើងបន្ទាប់វាត្រូវបានបើកវាឱ្យប្រើប្រាស់សាកល្បងទៅដល់ម្ចាស់គណនី YouTube ល្បីៗមួយចំនួនកាលពី ៦ ខែមុន។
យកគ្រប់គ្រងកម្មវិធី គឺលោក Barbara Macdonald និង Kurt Wilms បានថ្លែងតាមក្នុងប្លុកមួយថា មុខងាថតវីដេអូផ្សាយផ្ទាល់នេះ នឹងបើកឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយជាងនេះ នៅពេលឆាប់ៗខាងមុខ។
ដើម្បីប្រើមុខងារនេះដែរ គេគ្រាន់តែបើកកម្មវិធី YouTube រួចចុចលើប៊ូតុងថត នោះវានឹងដំណើរការថតវីដេអូផ្សាយផ្ទាល់តែម្តង ហើយបន្ទាប់ពីថតចប់ អ្នកទស្សនានឹងនៅតែអាចបន្តមើលវីដេអូនោះសារឡើងវិញបានតាមធម្មតាដូច្នោះដែរ៕

ប្រភពព័ត៌មាន techcrunch
មតិយោបល់