គ្រប់ស្មាតហ្វូនបច្ចុប្បន្ន សុទ្ធតែបំពាក់ GPS និងកម្មវិធីផែនទី។ ដូច្នេះ ការស្វែងរកតម្លាយផ្លូវ ឬចំណុចទីតាំងណាមួយ ទោះទៅទីកន្លែងណា ក៏មិនពិបាកដែរ។ កាន់តែងាយស្រួលជាងនេះ Facebook ទើបបន្ថែមមុខងារផ្ញើទីតាំងផ្លូវទៅក្នុងកម្មវិធីសារ Messenger របស់ខ្លួន។ វាមិនត្រឹមតែអនុញ្ញាតឱ្យលោកអ្នកផ្ញើចំណុចទីតាំង (Location) លើផែនទីដោយផ្ទាល់តាមសារនោះទេ តែក៏អាចផ្ញើការផ្សាយផ្ទាល់ពីចំណុចទីតាំងដែលខ្លួនកំពុងឋិតនៅ (Live Location) ឱ្យមិត្តភក្តិបានផងដែរ។

លក្ខខណ្ឌអនុវត្ត៖
- ទូរសព្ទ iPhone ត្រូវភ្ជាប់អិុនធើណែត និងបើកមុខងារ Location Services
- សូមប្រាកដថាកម្មវិធី Facebook និង Messenger នៅលើទូរសព្ទជាជំនាន់ចុងក្រោយ
របៀបអនុវត្ត៖
១– ផ្ញើចំណុចទីតាំងលើផែនទីតាម Messenger
– ជាដំបូង សូមបើកកម្មវិធី Messenger នៅលើទូរសព្ទរបស់លោកអ្នក រួចចូលទៅកាន់ផ្ទាំងសន្ទនាជាមួយមិត្តភក្តិរបស់លោកអ្នកណាម្នាក់
– បន្ទាប់មក ចុចលើប៊ូតុងសញ្ញា + រួចចុចលើ Location នោះអ្នកនឹងឃើញចំណុចទីតាំងដែលអ្នកំពុងឋិតនៅលើផែនទី


– បន្ទាប់មកទៀត សូមចុចលើរូបសញ្ញាអុចក្រហម រួចចុចលើប៊ូតុង Send ដែលឋិតនៅជ្រុងខាងលើផ្នែកខាងស្តាំនៃផ្ទាំងកម្មវិធី ជាការស្រេច។

២– ផ្ញើការផ្សាយផ្ទាល់ពីចំណុចទីតាំងដែលខ្លួនកំពុងឋិតនៅ
– នៅលើផ្ទាំងសន្ទនាជាមួយមិត្តភក្តិដដែល សូមចុចលើប៊ូតុងសញ្ញា + រួចចុចលើ Location
– បន្ទាប់មក ចុចលើ Share Live Location នោះទីតាំងដែលលោកអ្នកកំពុងឋិតនៅនឹងផ្ញើទៅកាន់ដៃគូម្ខាងទៀតជាបន្តបន្ទាប់ (ប្រសិនបើមានការផ្លាស់ប្តូរទីតាំង) ក្នុងអំឡុងពេល ១ ម៉ោង ជាមិនខាន។

បញ្ជាក់ៈ បើលោកអ្នកចង់បញ្ឈប់ការចែកបន្តនេះ សូមចុចលើ Stop Sharing ជាការស្រេច៕

មតិយោបល់