ព័ត៌មានបច្ចេកវិទ្យា

ឆេះរោងចក្រផលិតថ្ម Galaxy S8 នៅចិន នៅថ្ងៃពុធ ប្រភពដឹងហេតុការប្រាប់មូលហេតុមិនស៊ីចង្វាក់គ្នា

មូលហេតុនៃអគ្គីភ័យមួយកើតឡើងនៅក្នុងរោងចក្រផលិតថ្មទូរសព្ទ Galaxy Note 7 និង S8 ឈ្មោះ​ Samsung SDI Co, Ltd. ក្នុងប្រទេសចិន កាលពីថ្ងៃពុធ បានបន្សល់ទុកនូវចម្ងល់ចំពោះមូលហេតុដែលបានអះអាងចេញពីប្រភពផ្សេងៗដែលបានដឹង និងចូលរួមក្នុងហេតុការណ៍។ នេះបើយោងតាមរបាយការណ៍ព័ត៌មានពី​គេហទំព័រ Mashable ចុះផ្សាយថ្ងៃម្សិលមិញ។

បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រុមហ៊ុន Samsung មួយរូបថា ឧប្បត្តិវហេតុនាំឱ្យកើតមានអគ្គីភ័យឆាបឆេះក្នុងរោងចក្រ Samsung SDI Co Ltd. ភាគខាងជើងទីក្រុង Tianjin ប្រទេសចិន មិនបានបង្កការខូចខាត ឬប៉ះពាល់ដល់ដំណើរការរោងចក្រអ្វីធំដុំឡើយ ចំណែកអ្នកនាំពាក្យរបស់រោងចក្រលោក Shin Yong-do ថា វាមិនមែនកើតចេញពីខ្សែចង្វាក់ផលិតកម្មថ្មនោះទេ តែវាកើតចេញពីសំណល់ថ្មខូចៗដែលត្រូវបានគេបោះចោលទៅជាមួយសម្រាម។ នេះបើយោងតាមប្រភពព័តមានពីគេហទំព័រ Reuters​ ចុះផ្សាយថ្ងៃព្រហស្បត្តិ៍មិ្សលមិញ។

ដោយឡែក បើយោងតាមការលើកឡើងរបស់មន្រ្តីនាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំតំបន់វិញ ហាក់បីដូចជាមិនសូវស៊ីចង្វាក់គ្នានោះទេ ដោយលោក Wuging បានឱ្យដឹងនៅលើទំព័របណ្តាញសង្គម Weibo របស់លោកថា មូលហេតុនៃអគ្គីភ័យ បានបង្កឡើងដោយថ្មលីចូមក្នុងរោងចក្រ ក្នុងនោះ មានមួយចំនួនជាថ្មដែលផលិតបានពាក់កណ្តាលសម្រេច ហើយលោកបានបញ្ចូនបុគ្គលិកពន្លត់អគ្គីភ័យ ១១០ នាក់ រួមទាំងរថយន្តពន្លត់ចំនួន ១៩ គ្រឿង ដើម្បីធ្វើការពន្លត់អគ្គីភ័យនោះ។

លោក Wuging បាននិយាយថា: «នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៨ កុម្ភ: រោងចក្រ Samsung SDI នៅផ្លូវ Qingling ក្នុងតំបន់ឧស្សាហកម្ម Wuging បានកើតមានអគ្គីភ័យ។ យើងបានបញ្ចូនរថយន្តពន្លត់អគ្គីភ័យ ១៩ គ្រឿង និងបុគ្គលិកពន្លត់អគ្គីភ័យចំនួន ១១០ នាក់ទៅកាន់ទីនោះ ដើម្បីពន្លត់វា ហើយយើងយល់ថា អគ្គីភ័យនោះបណ្តាលមកពីថ្មលីចូម និងផលិតផលពាក់កណ្តាលសម្រេចនៅក្នុងអគារផលិតផលរបស់រោងចក្រ។ អគ្គីភ័យនោះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ»។

គួរបញ្ជាក់ថា Samsung SDI Co Ltd. គឺជារោងចក្រដែលទទួលផ្គត់ផ្គង់ថ្មសម្រាប់ទូរសព្ទ Samsung Galaxy S8 ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ ហើយរោងចក្រមួយនេះដែរ ក៏ឋិតក្នុងចំណោមរោងចក្រពីររបស់ចិន ដែលបានទទួលផលិតថ្ម Note 7 និងដែលត្រូវបានក្រុមហ៊ុន Samsung ស្តីបន្ទោសចំពោះផលិតកម្មថ្មរបស់ពួកគេ ដែលនាំឱ្យខ្លួនខាតបង់ប្រាក់ចំណេញលើប្រតិបត្តិការ ៥.៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦៕

ប្រភពព័ត៌មាន: mashable, reuters

មតិយោបល់