ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានប្រកាសថា គណនីក្លែងក្លាយជាច្រើនដែលមានប្រភពចេញពីបណ្តាប្រទេសបង់ក្លាដែស ឥណ្ឌូនេស៊ី សៅឌីអារ៉ាប់ប៊ី និងប្រទេសដទៃទៀត ត្រូវបានលុបចោល តែមិនបានបង្ហាញប្រាប់ពីតួលេខនៃគណនីទាំងនោះឲ្យដឹងឡើយ។ ដូចដែរយើងបានដឹងហើយថា បណ្តាញសង្គម Facebook ដ៏ល្បីល្បាញនេះ មានអ្នកប្រើប្រាស់ចំនួន ១.៨៦ ពាន់លាននាក់ ចូលលេងជារៀងរាល់ខែ។ ប៉ុន្តែ វាហាក់ដូចជាមានការថយចុះយ៉ាងគំហុកនូវចំនួនអ្នកប្រើប្រាស់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។
លោកស្រី Shabnam Shaik ដែលជាអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសលើកម្មវិធី Facebook បានសរសេរនៅលើគេហទំព័រមួយថា «ចេតនារបស់ពួកអ្នកបង្កើតគណនីក្លែងក្លាយ គឺដើម្បីទទួលបានពីការតភ្ជាប់មិត្តភក្តិថ្មី ដោយការចុច like និងការចូលមើល Pages Facebook របស់ពួកគេឲ្យកាន់តែច្រើន»។
ក្នុងនោះដែរ លោកស្រីក៏បានសរសេរថា «ពួកយើងបានរកឃើញសកម្មភាពគណនីមួយចំនួន បង្កើតឡើងមិនតាមបែបបទដែលចែងដោយ Facebook នោះទេ»។ ដើម្បីជាការប្រឆាំងនឹងទង្វើទាំងនេះ ពួកយើងនឹងទប់ស្កាត់បណ្តាញនៃក្រុមអ្នកប្រើប្រាស់គណនីក្លែងក្លាយ មិនឲ្យសម្រេចបាននូវគោលបំណងក្នុងការផ្ញើសារក្លែងបន្លំទៅកាន់អ្នកប្រើប្រាស់ក្នុងចំនួនដ៏ច្រើន ដើម្បីទាញយកផលប្រយោជន៍បានឡើយ។
ចំនួននៃអ្នកប្រើប្រាស់គណនីក្លែងក្លាយប៉ះពាល់ទៅដល់ Facebook ពីព្រោះក្រុមហ៊ុនបណ្តាញសង្គមនេះ ទូទាត់លុយពីអ្នកធ្វើទីផ្សារ និងអ្នកផ្សាយពាណិជ្ជកម្ម តាមរយៈចំនួនអ្នកមើល។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Facebook បានប៉ាន់ប្រមាណឃើញថា គណនីចន្លោះពីចំនួន ៦៧.៧ លាន – ១៣៧.៨ លាន ត្រូវបានប្រើជាន់គ្នា ឬត្រូវបានក្លែងបន្លំ។ រីឯបណ្តាញសង្គម Twitter ក៏ធ្លាប់មានបញ្ហាដូចគ្នានេះដែរ។ ដោយ ១៥ ភាគរយ នៃអ្នកប្រើប្រាស់ប្រចាំខែសរុបចំនួន ៣១៩ លានគណនី ត្រូវបានរាយការណ៍ថា ជាគណនីក្លែងបន្លំ នេះដោយយោងតាមការស្រាវជ្រាវចេញពីសាកលវិទ្យាល័យ Southern California និង Indiana៕
ប្រភពព័ត៌មាន៖ cnet.com
មតិយោបល់